(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រហូតដល់៤៧ទីតាំងហើយ ក្នុងនោះទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយបញ្ជូនមនុស្សទាំងអស់នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។ (សូមពិនិត្យបញ្ជីឈ្មោះទីតាំងនៅខាងក្រោម)
ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។
ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។
គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនឡើង៩៩ករណី៕