(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្ដប្រចាំការដោះស្រាយបញ្ហាបន្ទាន់ផ្សេងៗ ពាក់ព័ន្ធការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅកណ្ដាលរាជធានីភ្នំពេញ និងចែកម៉ាស់ អាល់កុល ជូនអភិបាលខណ្ឌទាំង១៤ផងដែរ។
ថ្លែងនាឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីកដាលរីករាលដាលជំងឺកូវីដ-១៩នេះ ដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះ ក្រោយពីបានយកសំណាកចេញពីទីតាំងទាំង៤៤នេះ។
លោក ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាល និងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿន និងមានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល គ្រោងនឹងយកសំណាកជាមួយការបិទទីតាំងទាំងនោះផងដែរ ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះ គឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះការងារនេះ យើងត្រូវធ្វើការត្រួតពិនិត្យជារាងរាល់ថ្ងៃ ចាប់ពីម៉ោង១០ទៅម៉ោង១២ថ្ងៃត្រង់ ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀត ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះ៕