(កណ្តាល)៖ ទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកណ្តាល បានដាក់លេខទូរស័ព្ទ៣ខ្សែ ដើម្បីប្រកាសជូន ជាសាធារណ:ដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ជួយរាយការណ៍ ផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងសកម្មភាពបទល្មើស ឫហេតុការណ៍អ្វីមួយដែលខ្លួន បានជួបប្រទះ និងដឹងឭ ដើម្បីឲ្យកម្លាំងអាវុធហត្ថ ចេញជួយអន្តរាគមន៍ ដូចជាការដោះស្រាយជូនភ្លាមៗ នៅតាមមូលដ្ឋាន។
លេខទូរស័ព្ទទាំង៣ខ្សែរួមមាន 015 373387, 079 619945, និង 079 619946 ហើយលេខទូរស័ព្ទទាំងនេះ ក៏ត្រូវបានដាក់ប្រកាស នៅលើបណ្តាញសង្គម Facebook Page របស់ខ្លួនផងដែរ ដែលមានឈ្មោះថា «បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល»។
សម្រាប់ការប្រកាសដាក់លេខទូរស័ព្ទជូនប្រជាពលរដ្ឋខាងលើនេះ ក៏មានប្រជាពលរដ្ឋជួយរាយការណ៍ នូវបទល្មើសមួយចំនួន ដែលបានកើតឡើង នៅតាមមូលដ្ឋានរបស់ខ្លួន ជាបន្តបន្ទាប់ហើយកម្លាំងអាវុធហត្ថក៏បានចុះទៅបង្ក្រាបភ្លាមៗជាក់ស្តែងតែម្តង ។
ជាការពិតបទល្មើសឆក់ត្រីមួយកន្លែង បានកើតឡើងនៅនៅចំណុចបឹងជប៉ុន ភូមិលេខ៥ ឃុំប្រសាទ ស្រុកស្អាង នាថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្ត និងស្រុក ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សំ តុលា សហការជាមួយមន្រ្តីពាក់ព័ន្ធរបស់ស្រុក បានចុះទៅបង្ក្រាបភ្លាមៗ ។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានប្រាប់ Fresh News នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៦នេះថា «សម្រាប់ប្រតិបត្តិការនេះ យើងបានឃាត់ជនសង្ស័យ ម្នាក់ឈ្មោះ ច្រឹក ពុត អាយុ៣៥ឆ្នាំ ទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ហើយដកហូត និងប្រគល់ឲ្យជំនាញជលផល រួមមាន៖ ទូកមួយគ្រឿង ប្រវែង៦.៥ម៉ែត្រ គុណ ០.៨ម៉ែត្រ គុណ ០.៤ជំរៅ ម៉ាស៊ីនមួយគ្រឿង ពណ៌ខ្មៅ ម៉ាកហុងដាប្រាំមួយសេះកន្លះ អាំងវែកទ័រមួយគ្រឿង ដងឫស្សីតភ្ជាប់ ខ្សែភ្លើងមួយគូ»។
យោងតាមនីតិវិធីច្បាប់ជលផល និងមតិរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការឆក់ត្រី បណ្ដាល ឲ្យងាប់ដល់កូនត្រីតូចៗ និង ត្រីមិនអាចភ្ញាក់បង្កើតកូនបាន ទើបសមត្ថកិច្ចបើកការ បង្ក្រាប និង អប់រំប្រជាពលរដ្ឋឲ្យយល់អំពីច្បាប់ និង ផល់ប៉ះពាល់។
មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោក សំ តុលា បានបញ្ជាក់ថា «យើងសូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានទូរស័ព្ទ ផ្តល់ព័ត៌មាននូវ បទល្មើសកើតក្នុងខេត្តកណ្តាល និង សូមឲ្យប្រជាពលរដ្ឋ បន្តសហការជាមួយ អហ ដើម្បីបង្ក្រាបឲ្យអស់ នៅបទល្មើសក្នុងខេត្ត ឲ្យបានទាន់ពេលវេលា តាមរយៈលេខទូរស័ព្ទ ដែលយើងបានប្រកាស»។
សម្រាប់បទល្មើសមួយនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា អាជ្ញាធរមូលដ្ឋាន មិនចុះបង្ក្រាបនោះឡើយ៕