ផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងព្រឹក
26-02-2016 12:20
(ក្រចេះ)៖ អគ្គិភយ័មួយបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ជាប់គ្នាទាំងស្រុង នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ហេង ចន្ថា អភិបាលស្រុកឆ្លូង បានឲ្យដឹងថា ហេតុការណ៍អគ្គិភយ័នេះ តាមកាសន្និដ្ឋានបឋម បណ្ដាលមកពីភ្លើងឆ្លងចង្ក្រានឆេះ ចេញពីផ្ទះកណ្ដាល ទើបបណ្ដាលឲ្យឆាបឆេះបន្ដគ្នា។
លោកបន្តទៀតថា ដោយរថយន្ដពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលនៅឆ្ងាយ ពីកន្លែងកើតហេតុដោយប្រើរយៈពេលកន្លងម៉ោងទើបដល់ ហើយមានខ្យល់បក់ជាខ្លាំងផង ទើបបណ្ដាលឲ្យភ្លើងឆេះយ៉ាងខ្លាំង និងអាចជួយពន្លត់សង្រ្គោះទាន់ពេលវេលា។
លោក ដួង សុធី អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ក្នុងហេតុការណ៍ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៣ផ្ទះជាប់ៗគ្នានោះ មិនបណ្ដាលឲ្យម្ចាស់ផ្ទះណាម្នាក់ រងរបួសនោះទេ ហើយតួលេខទ្រព្យសម្បិត្តខូចខាត់អស់ប៉ុន្មាន លោកពុំទាន់ទទួលព័ត៍មានបាននោះទេ កំពុងតែធ្វើការបួកសរុប៕