(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសារព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីជូនដំណឹងនេះ, ក្នុងរយៈពេលអនុវត្តកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន បានអនុវត្តតាមវិធានការខាងលើបានល្អប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅមិនទាន់បានអនុវត្តតាមវិធានការខាងលើបានល្អនៅឡើយ ដូចជា ក្នុងពេលកម្មវិធីជួបជុំផ្សេងៗ មិនរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ, មានការប៉ះពាល់គ្នា, ចាប់ដៃគ្នា, កៀកស្មាគ្នា, ឱបរឹតគ្នា, ភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ។
«ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបាន ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវ “វិធានការគម្លាពសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល”។ ក្នុងករណីនៅតែ
មិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬ អាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។ នេះបើតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់បន្ថែម។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមមាន៖
* ការពារ ៖
១. ពាក់ម៉ាស
២. លាងដៃ
៣. រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកនួរឡើងទៅ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់)។
* កុំ៖
១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៉ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់
២.កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម។
រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងបានចាត់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះទៅត្រួតពិនិត្យទីតាំងប្រារព្ធកម្មវិធីជួបជុំទាំងអស់ ដើម្បីឱ្យម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានអនុវត្តឱ្យខាងតែបាននូវរាល់វិធានការការពារទាំងអស់ខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕