(ភ្នំពេញ)៖ ដំណើរការសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ កំពុងដំណើរការទៅយ៉ាងរលូន ដោយមិនមានអ្វីដែលនាំឲ្យរាំងស្ទះនោះឡើយ ហើយគម្រោងនេះនឹងបញ្ចប់ទៅតាមផែនការ ដែលបានកំណត់ នៅឆ្នាំ២០២៣។
នេះបើតាមការឲ្យដឹងពី លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «វឌ្ឍន៍ភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកណ្ដាល» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ម៉ៅ ភិរុណ បានថ្លែងយ៉ាងដូច្នេះថា «ការអភិវឌ្ឍនេះយើងបានដំណើរការទៅតាមផែនការ គ្រោងនៅក្នុងឆ្នាំ២០២៣ឲ្យបានផ្លូវ មិនទាំង៤នោះទេ គឺអាចបានផ្លូវ១ ឬ២ សម្រាប់នៅក្នុងការដាក់ឲ្យដំណើរការហោះហើរបឋមដំបូង ហើយយើងនឹងអភិវឌ្ឍន៍ជំហ៊ានបន្ដបន្ទាប់ទៀត ដូច្នេះបានសេចក្ដីថា ព្រលានយន្ដហោះនេះ កំពុងដំណើរការធម្មតាមិនមានជាប់គាំងនោះទេ»។
បើតាមលោក ម៉ៅ ភិរុណ នៅក្នុងតំបន់ដែលគ្រោងសាងសង់ព្រលានយន្តហោះ អាជ្ញាធរបានដោះស្រាយទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ ស្ទើរួចរាល់ទំាងស្រុងហើយ ពោលគឺនៅសល់តិចតួចទៀតប៉ុណ្ណោះ ដែលកំពុងពន្លឿនការដោះស្រាយឲ្យរួចរាល់នៅពេលឆាប់ៗនេះ។
លោកបានបន្ដថា ចំពោះបញ្ហាដោះស្រាយដី គឺកំពុងតែសម្របសម្រួលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្លាស់ប្តូរដីជាមួយប្រជាពលរដ្ឋ ការទិញពីប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសំណងលក្ខណៈសមរម្យ ដោយមិនមានការបង្ខិតបង្ខំ ការគំរាមកំហែង ឬក៏បណ្តេញប្រជាពលរដ្ឋ ចេញសម្រាប់ការវិនិយោគនោះទេ។
គួររំលឹកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនផងដែរ។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ។
ដោយឡែក ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារ ជារបស់ក្រុមហ៊ុន OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕