(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងទទួលបានការចាត់តាំងពីគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ លោក ទេព ងន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល តំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រតិភូគណបក្ស ចូលរួមកិច្ចប្រជុំសង្ខេបខ្លឹមសារស្តីពី «ដំណើររឿងរបស់គណបក្សកុម្មុយនីស្តចិន ក្រោមប្រធានបទ៖ ធ្វើឲ្យជីវិតទាំងអស់គ្នាប្រសើរឡើង» ដែលសហការរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំតំបន់ស្វ័យត ស៉ីនជាំង-អ៊ុយហ្គួរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអ៉ីនធឺណែត ពីប្រតិភូចំនួនជាង ៣០០រូប និង៨០ប្រទេស ព្រមទាំងមានការចូលរួមពីគណបក្សនយោបាយ អង្គការសង្គមស៉ីវិល អ្នកសារព័ត៌មាន និងក្រុមអ្នកប្រាជ្ញ (Think Tank) ក្នុងតំបន់និងពិភពលោកប្រមាណជាង ២០០រូប។

លោក ទេព ងន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខមាលភាព និងអាយុជីវិតមនុស្សរាប់លាននាក់ជុំវិញពិភពលោក។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តដល់ប្រទេសទាំងអស់ បន្តចាត់ទុកអាយុជីវិត សុវត្ថិភាព និងសុខភាពរបស់ប្រជាជន ជាអាទិភាពខ្ពស់ ព្រមទាំងជំរុញសាមគ្គីភាពជាសកល ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចក្ខុវិស័យនៃការកសាងសហគមន៍សុខភាពពិភពលោកសម្រាប់មនុស្សទាំងអស់ និងស្មើៗគ្នា។

លោក ទេព ងន បានបន្តថា ប្រទេសទាំងអស់ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចាត់វិធានការសមស្របនានា ដើម្បីរួមគ្នាស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការថែរក្សាឱ្យបាននូវស្ថិរភាពទីផ្សារហិរញ្ញវត្ថុ ការធានាខ្សែចង្វាក់ផ្គត់ផ្គង់ និងខ្សែចង្វាក់ឧស្សាហកម្ម ការកាត់បន្ថយបំណុល និងការជំរុញលំហូរពាណិជ្ជកម្មពិភពលោក។ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស លោកសូមគាំទ្រចំពោះការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលក្នុងនោះសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានការអភិវឌ្ឍន៍គឺជាមូលដ្ឋានគ្រឹះ។

បើតាមលោក ទេព ងន, ភាពក្រីក្រគឺជាឧបសគ្គចម្បងចំពោះការសម្រេចបាននូវសិទ្ធិមនុស្ស។ ផលប្រយោជន៍របស់ប្រជាជន គួរតែត្រូវបានគេចាត់ទុកជាកិច្ចការដ៏សំខាន់បំផុត ហើយការអភិវឌ្ឍគួរតែផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើន ដល់ប្រជាជនទាំងអស់ប្រកបដោយសមធម៌។

លោកបានថ្លែងបញ្ជាក់ថា គ្មានគំរូណាមួយដែលត្រូវគ្រប់ស្ថានភាពទាំងអស់នោះទេ សម្រាប់ការការពារ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស។ ភាពចម្រុះនៅក្នុងមាគ៌ានៃការអភិវឌ្ឍសិទ្ធិមនុស្សគួរត្រូវបានគោរព ហើយរាល់ការប៉ុនប៉ងទំាងឡាយណាក្នុងការយកបញ្ហាសិទ្ធិមនុស្សធ្វើជាបញ្ហានយោបាយ ការអនុវត្តស្តង់ដារពីរ ឬយកហេតុផលសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដ៏ទៃ គួរត្រូវបានបដិសេធ។

លោកបានលើកទឹកចិត្តឲ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីទាំងអស់ ដោយឈរលើគោលការណ៍គោរពសិទ្ធិអធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ ដើម្បីជំរុញនិម្មាបនកម្មអភិបាលកិច្ចពិភពលោកស្តីពីសិទ្ធិមនុស្ស ដែលមានសមធម៌ យុត្តិធម៌ បរិយាប័ន្ន និងមានលក្ខណៈទូលំទូលាយជាងមុន។

លោកបានបន្ថែមថា «ការជួបប្រជុំគ្នានៅថ្ងៃនេះ បានជួយឱ្យយើងទទួលបានការយល់ដឹងគ្រប់ជ្រុងជ្រោយ និងស៉ីជម្រៅ អំពីគោលនយោបាយរបស់ចិនទាក់ទងនឹងក្រុមជនជាតិភាគតិច និងការអភិវឌ្ឍតំបន់ដែលមានប្រជាជនជាជនជាតិភាគតិចរស់នៅច្រើន រួមទាំងស្ថានភាពជាក់ស្តែងនៅស៉ីនជាំង ដែលសេដ្ឋកិច្ច ស្ថិរភាពសង្គម សមភាពនិងសាមគ្គីភាពក្នុងចំណោមក្រុមជនជាតិផ្សេងៗគ្នា និងជីវភាពរស់នៅរបស់ប្រជាជននៅតែមានភាពប្រសើរ ឥតឈប់ឈរ។

លោកកោតសរសើរចំពោះកិច្ចការ ដែលរដ្ឋាភិបាលចិនបានធ្វើ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ក្រុមជនជាតិភាគតិច និងតំបន់ដែលមានប្រជាជនជាជនជាតិភាគតិចរស់នៅច្រើន និង ការពារសិទ្ធិរបស់ពួកគេទាំងអស់ ឱ្យមានសេរីភាពខាងជំនឿ សាសនា និងអាចប្រើភាសារបស់ពួកគេផ្ទាល់ ហើយសូមប្រឆាំងនឹងឥរិយាបទរបស់មនុស្សមួយចំនួនតូចនិងប្រទេសខ្លះ ដែលបានញុះញង់ បំភ្លៃការពិត និងប្រឌិតព័ត៌មានចចាមអារ៉ាម បំភាន់មតិអន្តរជាតិ មកលើស្ថានភាពនៅស៉ីនជាំង។

លោក ទេព ងន បន្ថែមថា កម្ពុជាគាំទ្រការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងគាំទ្រវិធានការទាំងឡាយណាដែលធានាសិទ្ធិអធិបតេយ្យ សណ្ដាប់ធ្នាប់សង្គម សន្តិសុខជាតិ និងការអភិវឌ្ឍន៍។ កម្ពុជាគោរព «គោលនយោបាយចិនមួយ» ហើយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ទីបេ ស៉ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ឆ្នាំ២០២១នេះ ជាខួបលើកទី១០០ឆ្នាំ នៃថ្ងៃបង្កើតគណបក្សកុម្មុយនីស្តចិន លោកសូមអបអរសាទរ ចំពោះសមិទ្ធផលនានា ដែលគណបក្សកុម្មុយនីស្ដចិន និងប្រជាជនចិនសម្រេចបានក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ព្រមទាំងជូនពរឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត។ គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរនិងវាយតម្លៃខ្ពស់ ដល់បុព្វហេតុរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការស្វែងរកសុភមង្គលជូនប្រជាជន និងយុវកម្មសម្រាប់ប្រទេសជាតិ ជាពិសេស បុព្វហេតុក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន រួមទាំងជនជាតិភាគតិចផងដែរ។

ចំពោះការដឹកនាំរបស់ខ្លួន គណបក្ស រដ្ឋាភិបាល និងប្រជាជនចិន បានបង្កើតនូវភាពអស្ចារ្យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័ស និងរក្សាបាននូវស្ថិរភាពសង្គមរយៈពេលវែង ព្រមទាំងសមិទ្ធផលសំខាន់ៗដទៃទៀត ជាពិសេស ការឆ្លើយតបទៅនឹងជំងឺ COVID-១៩ និងការរក្សាបានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ក្នុងអំឡុងវិបត្តិកូវីដ-១៩ ។ លោកសូមកោតសរសើរចំពោះជំនួយដ៏សំខាន់ ដែលប្រទេសចិនបានផ្តល់ដល់ការប្រយុទ្ធប្រឆាំងនឹងវីរុសជា សកល ជាពិសេសកិត្តិយសនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្លាយជាទំនិញសាធារណៈរបស់ពិភពលោក។

ឆ្លៀតឱកាសនេះ លោកបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការបញ្ជូនគ្រូពេទ្យជំនាញ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងការផ្តល់ជំនួយវ៉ាក់សំាងជូនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកជាមួយគណបក្សកុម្មុយនីស្តចិន លើបទពិសោធន៍អភិបាលកិច្ច ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួម ចិន-កម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើងថែមទៀត សំដៅចូលរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

នៅចុងបញ្ចប់ អង្គប្រជុំបានប្រកាសអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «ដំណើររឿងរបស់គណបក្សកុម្មុយនីស្តចិន ៖ សេចក្តីសង្ខេបអំពីបញ្ហានៅស៊ីនជាំង»៕