(កណ្តាល)៖ លោកស្រី កុយ សុដានី ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងអង្គការសង្គមស៉ីវិល នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការតែងតាំងបន្ថែមសមាសភាពក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងអង្គការសង្គមស៉ីវិល ដោយមានការចូលរួមពីក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងអង្គការសង្គមស៉ីវិល ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការគណបក្សស្រុកកោះធំ សរុបទាំងអស់ចំនួន ៣២រូប។
ជាមួយគ្នានោះផងដែរ លោកស្រីប្រធានអង្គប្រជុំ បានគូសបញ្ជាក់អំពីសារសំខាន់នៃការងារប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងក្នុងកិច្ចការនយោបាយគ្រប់ជាន់ថ្នាក់ និងបានជំរុញឱ្យសមាជិកសមាជិកាទាំងអស់ខិតខំប្រឹងប្រែងតាមដានស្ថានភាពនយោបាយរបស់សង្គមជាតិ និងក្នុងមូលដ្ឋានដើម្បីបំផុសស្មារតីចូលរួមរបស់ប្រជាជននៅមូលដ្ឋានឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ចូលរួមទប់ស្កាត់ឱ្យបាននូវព័ត៌មានបំបែកបំបាក់ពីសំណាក់ក្រុមមាននិន្នាការប្រឆាំង និងធ្វើការការពារដោយផ្សព្វផ្សាយនូវព័ត៌មានពិត ជាពិសេសត្រូវជួយផ្សព្វផ្សាយសមិទ្ធផលសម្រេចបានសំខាន់ៗរបស់រាជរដ្ឋាភិបាលផងដែរ។
លោកស្រីប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារធ្វើផែនការសកម្មភាពដល់ឆ្នាំ២០២៣ លើការងារផ្សព្វផ្សាយ និងការងារទំនាក់ទំនងសង្គមស៉ីវិល ដោយក្នុងនោះរួមមាន រៀបចំសមាសភាពតាមក្រុមការងារនីមួយៗ បង្កើនការផ្សព្វផ្សាយដើម្បីបង្កើនចំនួនអ្នក Like និង shares ក្នុង Facebook Page ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញសង្គមគ្រប់ថ្នាក់ដែលពាក់ព័ន្ធ តាមដានសកម្មភាពអង្គការសង្គមស៉ីវិល (ប្រវត្តិនិងប្រភពផ្គត់ផ្គង់ហិរញ្ញវត្ថុ) ផ្សព្វផ្សាយព័ត៌មានពិត ដើម្បីវាយបកក្រុមវាយប្រហារ ត្រៀមលក្ខណៈប្រមូល និងចងក្រងព័ត៌មានទាំងឡាយសម្រាប់ផ្សព្វផ្សាយ និងគាំទ្រគណបក្ស។
ជាទីបញ្ចប់លោកស្រីប្រធានអង្គប្រជុំបានសម្ដែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា សមាសភាពសមាជិកសមាជិកាក្រុមការងារថ្មីទាំង ១១រូបនេះ និងចូលរួមជាមួយសមាជិកទាំង ១៧រូបផ្សេងទៀត រួមគ្នាបំពេញការងារប្រកបដោយការទទួលខុសត្រូវ សាមគ្គីភាព សហការល្អក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់៕