(កោះកុង)៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន២០០គ្រួសារ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកអតីតយុទ្ធជនទូទាំងខេត្តកោះកុង។
ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិទាំងមូល ហើយសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជនគ្រប់ពេលវេលាទាំងអស់។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ក៏បានអរគុណចំពោះ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្រុង ស្រុក ខេត្ត និងសាខាឃុំ សង្កាត់ ដែលបានយកចិត្តទុក ដាក់មើលថែអតីតយុទ្ធជន និងសូមឲ្យខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីតយុទ្ធជនឲ្យបានល្អ ដើម្បីទុកសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនជាបន្តទៀត និងបន្តដោះស្រាយជីវភាពអ្នកដែលជួបលំបាកឲ្យទាន់ពេលវេលា។
ជំនួសមុខសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សូមជូនពរអតីតយុទ្ធជនទាំងអស់ សុខភាពល្អ សិរីសួរស្តី និងសុភមង្គល និងសុំឲ្យអតីតយុទ្ធជនត្រូវខិតខំរកស៊ី បង្កបង្កើនផល លើកស្ទួយជីវភាពខ្លួនឲ្យប្រសើរឡើង ជម្នះឲ្យបានផលវិបាកពីកូវីដ-១៩ ត្រូវចេះជួយយកអាសារគ្នាពេលមានទុក្ខធុរៈ។
ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានណែនាំឲ្យអតីតយុទ្ធជនទាំងអស់ បន្តយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមវិធានការណ៍ កាពារកូវីដ-១៩ របស់សម្តេចតេជោ គឺ ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសង្គម គម្លាតបុគ្គល) ហើយ៣កុំ (កុំចូលកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នា)។
ជាមួយគ្នានេះ អតីតយុទ្ធជនទាំង២០០គ្រួសារ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់។ ជាក់ស្តែងថ្ងៃនេះ ក្នុងនាមសម្តេចទាំងពីរ ទេសរដ្ឋមន្ដ្រី បានចុះមកជួបបងប្អូនដោយផ្ទាល់។
ដោយមើលឃើញការលំបាក របស់អតីតយុទ្ធជនដែលជួបការលំបាក លោក គន់ គីម បានចលនា ថ្នាក់ដឹកនាំជុំវិញខេត្ត ជួយសង់ផ្ទះអំណោយសម្តេចជូន១០ខ្នង ហើយចំពោះអ្នកអត់ដីអត់ផ្ទះ១០១គ្រួសារ សូមឲ្យខេត្តរៀបចំដីសម្បទាន នៅត្រពាំងរូងជូនបងប្អូន។
គួរជម្រាបថា ក្នុងឱកាសនោះ អតីតយុទ្ធជនទាំង២០០គ្រួសារ បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមួយគ្រួសារ អង្ករ៣០គីឡូក្រាម, ឃីត១, ភួយ១, កន្ទេល១, ធុងទឹក១, ទឹកត្រី១យួរ, មី១០កញ្ចប់, ប្រេងឆា២ដប, អំបិល២គីឡូក្រាម និងថវិកា៨ម៉ឺនរៀល៕