(ភ្នំពេញ)៖ បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ជាតំណាងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី «ពន្ធលើចំណេញមូលធន»។
សិក្ខាសាលានេះ មានការចូលរួមពី លោកអគ្គនាយករង លោក-លោកស្រី អ្នកនាងកញ្ញាដែលជាតំណាងរបស់ក្រសួង-ស្ថាប័ន និងសមាគមចំនួន ១១រួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។
ជាមួយគ្នានោះដែរ ក៏មានការចូលរួមពីលោក ខឹម តុលា ប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ លោកអនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល ព្រមទាំងមន្រ្តីពន្ធដារ ដែលអ្នកចូលរួមក្នុងអង្គសិក្ខាសាលានេះសរុបប្រមាណចំនួន ៧០ នាក់ ដោយអនុវត្តនូវគោលការណ៍សុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានសម្តែងនូវកិច្ចស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័ន សមាគមពាក់ព័ន្ធ និងមន្រ្តីពន្ធដារទាំងអស់ ជាពិសេសនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ ដែលបាននិងបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងចូលរួមផ្សព្វផ្សាយប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្តីពីពន្ធលើចំណេញមូលធនដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងបានបំពេញការងារយ៉ាងសកម្ម និងបុរេសកម្ម ដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើចំណេញមូលធននេះប្រកបដោយភាពសមធម៌ តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព បញ្ជ្រាបនូវវប្បធម៌បង់ពន្ធរបស់អ្នកជាប់ពន្ធ និងការប្រមូលចំណូលពន្ធនេះឱ្យអស់សក្តានុពល ស្របតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣។
អង្គសិក្ខាសាលានេះមានបទបង្ហាញចំនួនពីរ គឺបទបង្ហាញស្តីពី «ការប្រមូលពន្ធលើចំណេញមូលធន របស់ប្រទេសមួយចំនួន និងករណីកម្ពុជា» និងបទបង្ហាញស្តីពី “ពន្ធលើចំណេញមូលធន” ដែលធ្វើបទបង្ហាញដោយវាគ្មិនពីររូបគឺ លោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋាន និងលោកស្រី ឌី ចាន់ធី ប្រធានការិយាល័យពន្ធចំណេញមូលធនទី២ នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ។
អនុលោមតាមប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី «ពន្ធលើចំណេញមូលធន" មានវិសាលភាពកំណត់យក លើចំណេញមូលធនចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា ២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ឬផ្ទេរ មូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។
រីឯនីតិបុគ្គលនិវាសនជន ដែលបានចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរួចរាល់ មិនមានបន្ទុកពន្ធនេះបន្ថែមទៀតទេ។ ពន្ធលើចំណេញមូលធន ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធនដែលមានចំណេញប៉ុណ្ណោះ ក្នុងករណីមិនមានចំណេញ គឺមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។
ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង។
បណ្ឌិត កែន សម្បត្តិ ក៏បានបញ្ជាក់ផងដែរថា ពន្ធលើចំណេញមូលធន ត្រូវបានលើកលែងចំពោះការលក់ឬផ្ទេរមូលធនមួយចំនួនរួមមាន ១).ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ ២).ទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ ៣).និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំមុនពេលលក់ឬផ្ទេរ។ ក្នុងករណីមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម ៤).អចលនទ្រព្យក្នុងរង្វង់ញាតិ ដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ និង ៥).ទ្រព្យដែលត្រូវបានលក់ឬផ្ទេរ ដើម្បីប្រយោជន៍សាធារណៈ ស្របតាមច្បាប់អស្សាមិករណ៍។
បន្ថែមលើនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធ លើចំណេញមូលធនចំពោះការលក់ ឬផ្ទេរដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះស្ថិតនៅ។
ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះ ទី១). នឹងធានាបាននូវសមធម៌ នៃការបង់ពន្ធដែលនីតិបុគ្គល បានអនុវត្តបង់ពន្ធនេះ តាំងពីប្រព័ន្ធពន្ធដារកម្ពុជា ចាប់អនុវត្តនូវរបបស័្វយប្រកាស និងធានានូវការប្រកួតប្រជែងដោយស្មើភាព។ ជាពិសេស នឹងធានានូវចីរភាព នៃកំណើនចំណូលពន្ធ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ២). នឹងពង្រឹងបាននូវស្ថិរភាពតម្លៃអចលនទ្រព្យ តាមរយៈការកាត់បន្ថយការលក់បំប៉ោងតម្លៃអចលនទ្រព្យ ហើយប្រជាពលរដ្ឋ និងវិនិយោគិនអាចទិញអចលនទ្រព្យ ក្នុងតម្លៃសមរម្យ។
ក្នុងន័យនេះ អាចទាក់ទាញវិនិយោគិន មកវិនិយោគបានកាន់តែច្រើន នាំឱ្យបង្កើតបាននូវការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានកាន់តែច្រើន ដែលនឹងបង្កើនបានជាផលរាលដាលវិជ្ជមាន (Spillover Effects) នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។
បន្ទាប់ពីបញ្ចប់នូវអង្គសិក្ខាសាលានេះ បណ្ឌិត កែន សម្បត្តិ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួង-ស្ថាប័ន សមាគម ព្រមទាំងមន្ត្រីពន្ធដារពាក់ព័ន្ធទាំងអស់ នឹងយល់កាន់តែច្បាស់នូវបទប្បញ្ញត្តិស្តីពីពន្ធលើចំណេញមូលធន ព្រមទាំងពង្រឹងកិច្ចសហការ សាមគ្គីភាព ចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីត្រៀមលក្ខណៈក្នុងការអនុវត្តប្រមូលពន្ធនេះនាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ។ គួរបញ្ជាក់ផងដែរថា ពន្ធលើចំណេញមូលធន គ្រោងនឹងអនុវត្តចាប់ពីដើមឆ្នាំ ២០២២ ខាងមុខ៕