(វ៉ាស៊ីនតោន)៖ ការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS គឺជាដំណើរការមួយ ដែលនឹងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព ប្រសិនបើយើងអាចបញ្ចប់វិបត្តិសង្គ្រាម នៅក្នុងប្រទេសស៊ីរីបានជាមុននោះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយដកស្រង់សម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា។
នៅក្នុងក្រសួងការបរទេសអាមេរិក លោក អូបាម៉ា បានបើកកិច្ចពិភាក្សាជាមួយនឹងមន្ត្រីសំខាន់ៗរបស់ក្រុមប្រឹក្សាការពារជាតិ ដោយលោកបានអះអាងទៀតថា ការដឹកនាំកងកម្លាំងសម្ព័ន្ធមិត្ត បំពេញប្រតិបត្តិការនៅប្រទេសអ៊ីរ៉ាក់ កន្លងមកនេះ អាចឲ្យយើងវាយបណ្តេញកងកម្លាំង ISIS បាន ៤០ភាគរយ ចេញពីទឹកដីអ៊ីរ៉ាក់។
យ៉ាងណាក៏ដោយលោក អូបាម៉ា ក៏បានសង្កត់ធ្ងន់ដូច្នេះថា «ផ្លូវទៅមុខវាមិនងាយស្រួលនោះទេ ប៉ុន្តែកងកម្លាំងយើងទាំងអស់ នឹងរួមគ្នាកាន់តែរឹងមាំ ដើម្បីកម្ចាត់ក្រុមភេរវករទាំងនោះឲ្យអស់។ ការបញ្ចប់វិបត្តិនៅស៊ីរី គឺជាគន្លឹះសំខាន់បំផុតក្នុងការ ទទួលបានជោគជ័យលើពួក ISIS»៕