(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថា នឹងបញ្ជូនសេចក្តីព្រាងការសម្រេច ដើម្បីពង្រីកការដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ស្តីពីការសាកល្បងអាវុធនុយក្លេអ៊ែរបស់ខ្លួន ទៅកាន់ក្រុមព្រឹក្សាអង្គការសហប្រជាជាតិ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Samantha Power មានគោលបំណងក្នុងការបញ្ជូនសេចក្តីព្រាងការសម្រេចដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹង «ការសាកល្បងអាវុធនុយក្លេអ៊ែ និងការបាញ់បង្ហោះគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីពេលថ្មីៗនេះ របស់កូរ៉េខាងជើង»។
សេចក្តីព្រាងនៃការសម្រេច ត្រូវបានគេរំពឹងថា នឹងស្នើឲ្យមានការចុះបញ្ជីខ្មៅ នៃក្រុមបុគ្គល និងបណ្តាអង្គភាព ដែលពាក់ព័ន្ធនឹងសកម្មភាព គំរាមកំហែងដល់ពិភពលោក របស់កូរ៉េខាងជើងនេះ៕