(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌសែនសុខ បាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ដែលប្រជាពលរដ្ឋទាំងនេះមានការជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»

អំណោយដែលអាជ្ញាធរខណ្ឌចែកជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, ឆៅប៉ូវ ១គីឡូក្រាម, សាច់ក្រក ១គីឡូក្រាម, មីមួយកេស និងត្រីខ ១២កំប៉ុង។

សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋទាំង ១៦គ្រួសារនេះ មានការប៉ះពាល់ផ្ទះរបស់អ្នកកើតជំងឺកូវីដ១៩ ដែលបានឆ្លងនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន៖

* ក្លិប N8 សង្កាត់ទួលស្វាយព្រៃ
* Casa By Meridian កោះពេជ្រ
* Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
* City Confort សង្កាត់បឹងព្រលឹត
* The Bridge សង្កាត់ទន្លេបាសាក់
* The Point Service Apartemt សង្កាត់ផ្សារដើមគរ
* Mekong Street សង្កាត់ជ្រោយចង្វារ
* Pent House Apartment សង្កាត់ទន្លេបាសាក់
* Skyline Dumex សង្កាត់មិត្តភាព
* Somet Condoninium សង្កាត់វាលវង់
* Residence L Olymic សង្កាត់អូឡាំពិច
* Prince Plazza Centre សង្កាត់ទន្លេបាសាក់
* Celests Skybar សង្កាត់ទន្លេបាសាក់
* Diamond Twin កោះពេជ្រ
* Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ
* ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ
* Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់
* ហាង The World សង្កាត់បឹងត្របែក
* ហាង វ័នមែនសិន សង្កាត់បឹងត្របែក
* ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច
* Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង
* វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
* សាលា SIS សង្កាត់ផ្សារដើមគរ។

ក្រសួងបន្តអំពាវនាវយ៉ាងដូច្នេះថា «បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាព ជារៀងរាល់ថ្ងៃ»