(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងជួបពិភាក្សាការងារបច្ចេកទេសសាងសង់ជាមួយអង្គភាពសាងសង់ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ និងដើម្បីក្រើនរំលឹកឱ្យអង្គភាពសាងសង់ទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាពនៃការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលអាចធានា បានគុណភាពល្អអាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់ការដ្ឋាន ក៏ជាបញ្ហាដែលត្រូវបានយកចិត្តទុកដាក់ផងដែរ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹក ភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅ គម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ៣៖ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤៖ អគ្គនាយកដ្ឋាន សាធារណការ ៥៖ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦៖ នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧៖ នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ដើម្បីពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌ តម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបាន ទាន់ពេលវេលា។
សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុង សៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន១៨%ហើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាននិងផលប៉ះពាល់ ដោយសារដំណើរការការដ្ឋានសាងសង់ និងចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការគម្រោងស្ថាបនា ផ្លូវ៣៨ខ្សែនេះអនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាបទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុងឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ផងដែរ៕