(ព្រះសីហនុ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងាចុះមូលដ្ឋានស្រុកកំពង់សីលា ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីក្រុមការងារពីថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា ក្រោយពីស្តាប់ការចូលរួមមតិយោបល់ពីសមាជិកសមាជិកា នៃកិច្ចប្រជុំលើបញ្ហាមួយចំនួនមានជាអាទិ៍ ពិនិត្យ និងផ្តល់យោបល់ ឬផ្តល់ធាតុចូលបន្ថែមដល់សេចក្តីព្រាងរបាយការណ៍ និងទិសដៅសម្រាប់ឆ្នាំ២០២១ ដោយផ្តោតលើការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មាន សុវត្ថិភាព ការផ្តល់សេវាសាធារណៈ ការទប់ស្កាត់វបទល្មើសគ្រប់ប្រភេទ ពិសេសគ្រឿងញៀន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាអត្រានុកូលដ្ឋាន ស្ថិតិ ភូមិបាល ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចមក លោកបានដាក់ចេញនូវសំណូមពរមួយចំនួនពាក់ព័ន្ធ និងស្ថាប័នអង្គភាពលើការងារ៖
*ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណ ភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
*ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុស ច្បាប់ និងបទល្មើសគ្រប់ប្រភេទ
*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយ គុណភាព និងប្រសិទ្ធភាព
*ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
*ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺរាតត្បាត កូវីដ-១៩ ដ៏កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ លោក កៅ ខុនដារ៉ា បានថ្លែងអំណរគុណដល់សមាជិកសមាជិកា ក្រុមការងារទាំងអស់ដែលបានរួមគ្នាសម្រេចទទួលបាននូវលទ្ធផលគួរជាទីមោទនៈ និងសូមបន្តយកចិត្តទុកដាក់អនុវត្ត រាល់កិច្ចការដែលនៅសេសសល់ នៅថ្នាក់ស្រុក ថ្នាក់ ឃុំ និងភូមិ ដោយអនុវត្តន៍តាមសេចក្តីណែនាំលេខ ០១ សណនចុះថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៩ ស្តីពីតួនាទីភារកិច្ច និងរបៀបរបប ការងារសម្រាប់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងការបំពេញបេសសកម្ម ដើម្បីត្រួពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕