(ពោធិ៍សាត់)៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់ និង៣នាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា នៅទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ។
ករណីទី១: នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤១-១៤២ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យស្លាប់ម្នាក់ និង របួសស្រាល ២នាក់ ។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា រថយន្តដឹកត្រី ម៉ាក Nissan ពាក់ស្លាកលេខ ភ្នំពេញ 2F-5203 ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ ធា អាយុ៤៣ឆ្នាំ រស់នៅភូមិរលាប ឃុំរលាប ក្រុងពោធិ៍សាត់ ធ្វើដំណើរពីលិចទៅកើត បានរ៉េចង្កូតទៅបុកជាមួយ រថយន្តកុងទីន័រ ម៉ាក ISUZU ពាក់ស្លាកលេខ ព្រះសីហនុ 3A-2085 ពណ៌ស បើកបរដោយឈ្មោះ មឿន អាយុ៣៨ឆ្នាំ រស់នៅភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ធ្វើដំណើរពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ និង ២នាក់ផ្សេងទៀតរបួសស្រាល ។
លោកអធិការ បានឲ្យដឹងទៀតថា បុរសដែលស្លាប់ និងរបួសធ្ងន់ស្រាល មានឈ្មោះ ធា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិរលាប ឃុំរលាប ក្រុងពោធិ៍សាត់ ជាអ្នកបើកបរ រថយន្តដឹកត្រី ម៉ាក Nissan (ស្លាប់), ឈ្មោះ យ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ភេទប្រុស រស់នៅភូមិរលាប ឃុំរលាប ក្រុងពោធិ៍សាត់ ជាព្រូរថយន្តដឹកត្រី ម៉ាក Nissan (របួសស្រាល), ឈ្មោះ ណាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិរលាប ឃុំរលាប ក្រុងពោធិ៍សាត់ ជាព្រូរថយន្តដឹកត្រី ម៉ាក Nissan (របួសស្រាល) ។ ដោយឡែក អ្នកបើកបរ រថយន្តកុងទីន័រ ម៉ាក ISUZU គ្មានគ្រោះថ្នាក់អ្វីទេ ។
ករណីទី២: នៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ក៏មានគ្រោះថ្នាក់ចរចរណ៍មួយកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ ៥ដដែរ ចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ រវាងរថយន្ត Fuso បុកគូទ គោយន្ដកន្ត្រៃយ៍ដឹកឈើ ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរ គោយន្ដកន្ត្រៃយ៍ ឈ្មោះ សេន សារិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសធ្ងន់ បញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យបង្អែកសំពៅមាស, អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ដោយសុវត្ថិភាព បន្សល់ទុកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឈ្មោះ ផា ភួង ភេទប្រុស អាយុ ២៤ឆ្នាំ ទីកន្លែងកំណើតខេត្តព្រៃវែង បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ៕