(ភ្នំពេញ)៖ ជំងឺកូវីដ១៩ ដែលយាយីនៅកម្ពុជាចាប់ពីឆ្នាំ២០២០មកនោះ បានបង្កជាវិបត្តិធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។
អ្នកប្រកបអាជីវកម្មបោះដុំគ្រឿងសមុទ្រនៅផែអូប័រ សង្កាត់ខេមេរភូមិន្ទ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក៏បានរងផលប៉ះពាល់ និងខាតបង់អស់រាប់សិបម៉ឺនដុល្លារផងដែរ។
អ្នកស្រី គង់ ទូច អ្នកបោះដុំគ្រឿងសមុទ្រនៅទីតាំងខាងលើ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅមុនពេលមានការរាតត្បាតជំងឺកូវីដ១៩ អ្នកស្រី អាចលក់គ្រឿងសមុទ្របានមួយថ្ងៃចន្លោះ ៣ ទៅ ៥តោនក្នុងមួយថ្ងៃ។
ថ្ងៃក្រោយពេលជំងឺកូវីដ១៩ រាតត្បាតអ្នកស្រី គង់ ទូច អាចលក់បានត្រឹមប្រមាណជា ១តោន ២តោន រហូតដល់ ៤០០ ទៅ៥០០គីឡូប៉ុណ្ណោះក្នុងមួយថ្ងៃ។
អ្នកស្រី គង់ ទូច បានបញ្ជាក់ថា មានគ្រឿងសមុទ្រជាច្រើន ដែលអ្នកស្រីប្រមូលទិញពីអ្នកនេសាទហើយ បែរជាម៉ូយមិនទិញធ្វើឱ្យសល់ចាក់ចោល និងយកទៅឱ្យត្រីស៊ីក៏មាន។
បើតាមអ្នកបោះដុំគ្រឿងសមុទ្ររូបនេះ ពេញមួយឆ្នាំ២០២០ រូបគាត់ត្រូវខាតបង់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ ដោយសារម៉ូយបោកខ្លះ និងមិនឱ្យលុយថ្លៃគ្រឿងសមុទ្រជាដើម។
បន្ទាប់ពីស្ថានភាពយ៉ាប់យ៉ឺនអស់រយៈពេលជិតមួយឆ្នាំ ការលក់ដូរគ្រឿងសមុទ្របានល្អប្រសើរឡើងវិញបន្តិចទៅហើយនៅកំលុងខែធ្នូ ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ ក្រោយស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់។ ជាពិសេសក្រោយអាហារដ្ឋាន និងពិធីមង្គលការបានបើកឱ្យដំណើរការឡើងវិញ។
តែស្ថានភាពនៃការលក់ដូរបានជួបបញ្ហាវិញទៀត ក្រោយពីការប្រកាសរកឃើញព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។
អ្នកស្រី គង់ ទូច បានឱ្យដឹងថា រយៈពេលពីរថ្ងៃក្រោយការប្រកាសនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីនេះ អ្នកស្រីបានសល់គ្រឿងសមុទ្រប្រមាណ ១តោន ដោយសារម៉ូយទូរស័ព្ទលុបការបញ្ជាទិញវិញ។
បើទោះបីជួបស្ថានលំបាកបែបនេះក្តី តែអ្នកបោះដុំគ្រឿងសមុទ្រនៅក្នុងខេត្តកោះកុង រួមទាំងអ្នកស្រី គង់ ទូច ផង នៅតែបន្តទទួលទិញគ្រឿងសមុទ្រពីអ្នកនេសាទ។ ការទិញនេះ ដោយសារតែនៅមានការបញ្ជាទិញបន្តិចបន្តួច ក៏ដូចការលក់ឱ្យអ្នកទេសចរ។
មួយវិញទៀត ការជួញទិញនេះ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរបស់អ្នកប្រកបរបរនេសាទគ្រឿងសមុទ្រផងដែរ។
អ្នកស្រី គង់ ទូច បានអំពាវនាវដល់អ្នកទេសចរទៅលេងកម្សាន្តនៅខេត្តកោះកុង សូមជួយទិញគ្រឿងសមុទ្ររបស់ពួកគាត់។ អ្នកស្រី បានអះអាងថា គ្រឿងសមុទ្ររបស់ពួកគាត់ស្រស់ៗ មិនមានសារធាតុគីមីនោះឡើយ ហើយតម្លៃក៏សមរម្យផងដែរ។
អ្នកទេសចរទៅលេងខេត្តកោះកុង ហើយចង់ទិញគ្រឿងសមុទ្រអាចទាក់ទងអ្នកស្រី គង់ ទូច តាមទូរស័ព្ទលេខ 097 240 7934/096 751 0638៕