(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូននាយទាហាន នាយនាយរង ពលទាហាន គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ មានការរៀបចំបានល្អ ត្រឹមត្រូវម៉ត់ចត់ តាមបទដ្ឋានសុខាភិបាល និងរក្សាបានូវប្រសិទ្ធភាពខ្ពស់ ដែលជាជំហាន និងជាបទពិសោធន៍សម្រាប់ដឹកទៅចាក់ជូនកងទ័ពនៅបណ្តាមូលដ្ឋានផ្សេងៗទៀត បន្ទាប់ពីការចាក់នៅទីនេះរួច។
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាស លោកអញ្ជើញជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមជាមយ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ចាក់វាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូននាយទាហាន នាយនាយរង ពលទាហាន តាមបណ្តាស្ថាប័ន និងគ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ស្ថិតនៅមូលដ្ឋានចោមចៅ រាជធានីភ្នំពេញ។
យុទ្ធនាការចាក់វ៉ាក់សាំងនៅមូលដ្ឋានចោមចៅនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយធ្វេីការចាក់វ៉ាក់សាំងយ៉ាងម៉ត់ចត់ ត្រឹមត្រូវ ទៅលើនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ នៅបញ្ជាការវិស្វកម្ម អគ្គបញ្ជាការ។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ វ៉ាក់សាំងបង្ការកូវីដ-១៩ បានដឹកចេញពីរាជធានីភ្នំពេញ មកដល់មូលដ្ឋានចោមចៅ ដោយមានការរៀបចំបានល្អ ត្រឹមត្រូវម៉ត់ចត់ តាមបទដ្ឋានសុខាភិបាល និងរក្សាបានូវប្រសិទ្ធភាពខ្ពស់ ដែលជាជំហាន និងជាបទពិសោធន៍សម្រាប់ដឹកទៅចាក់ជូនកងទ័ពនៅបណ្តាមូលដ្ឋានផ្សេងៗទៀត បន្ទាប់ពីការចាក់នៅទីនេះរួច»។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានថ្លែងថា លោកមានមោទកភាព និងសប្បាយចិត្តយ៉ាងខ្លាំងដែលកងកម្លាំងវិស្វកម្មបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ព្រោះកងទ័ពជាអ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺដ៏កាចសាហាវនេះ។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាពរបស់កងទ័ព ដែលជាអ្នកជួរមុខការពារជាតិ ព្រមទាំងជួយដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដោយសម្តេចតេជោ បានអនុញ្ញាតឱ្យកងទ័ពក្នុងក្របខណ្ឌក្រសួងការពារជាតិ ទទួលបានការចាក់វ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣០ម៉ឺនដូស ដល់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ហាការដ្ឋានវិស្វកម្ម និងក្រុមគ្រួសារ នៅពេលនេះ គឺជាការឈ្វេងយល់បន្ថែមពីដំណើរការចាក់វ៉ាក់សាំងទៅលើកងទ័ព ដើម្បីរៀបចំឱ្យបានល្អប្រសើរនិងដំណើរការចាក់ទៅដោយរលូន ព្រមទាំងឆាប់រហ័ស សម្រាប់យុទ្ធនាការចាក់នៅតាមទីកន្លែងដទៃទៀត។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ជូនកម្ពុជា ក្រោយពីមានសំណើ រដ្ឋមន្រ្តីការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ ទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិចិន។ កាលពីថ្ងៃទី៧ ខែកុម្ភៈ វ៉ាក់សាំងរបស់ចិន Sinopharm បានដឹកមកដល់កម្ពុជាដំណាក់កាលដំបូងចំនួន ៦០ម៉ឺនដូស ហើយក្នុងចំណោម នេះត្រូវបានបែកចែកសម្រាប់ចាក់ជូនកងទ័ពក្រសួងការពារ ជាតិចំនួន ៣០ម៉ឺនដូស។
ការចាក់វ៉ាក់សាំងដល់កងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និងចាក់ជូនកងទ័ពនៅបញ្ជាការដ្ឋានវិស្វកម្មលើក ដំបូងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១៕