(កំពង់ឆ្នាំង)៖ ទំនាស់ដីធ្លីមួយបានកើតឡើងរវាងមិត្តភក្តិ និងមិត្តភក្តិស្គាល់គ្នាជាង១០ឆ្នាំ បានឯកភាពចូលលុយទិញដីរួមគ្នា តែបែរជាភាគីម្ខាងលួចធ្វើប្លង់ដីលក់ទៅឲ្យគេផ្សេងដោយមិនបានប្រាប់មិត្តភក្តិ ធ្វើឱ្យកើតរឿងប្តឹងផ្តល់គ្នាទៅតុលាការ ព្រោះតែការក្បត់ទំនុកចិត្តគ្នា ហើយត្រូវបានសារព័ត៌មានមួយចំនួន យកមកចុះផ្សាយព្រោងព្រាត ដែលភាគីម្ខាងអះអាងថា ជាការផ្សាយព័ត៌មានមិនពិត។
ទាក់ទងក្នុងរឿងខាងលើនេះលោកស្រី កែវ ចាន់គ្រឹះស្នា មានទីលំនៅក្នុងភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយនៅលើដីទំនាស់ឲ្យក្រុមអ្នក យកព័ត៌មានថា លោកស្រីបានរាប់អានមិត្តភ័ក្តិឈ្មោះ ឈន់ មុំ មានទីលំនៅក្នុងភូមិស្រែមាន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លោកស្រី និងឈ្មោះ ឈន់ មុំ បានចូលលុយគ្នាទិញដីមួយកន្លែងដែលមានទំហំ ៤១,៧៥២ម៉ែត្រការ៉េ តម្លៃក្នុងមួយម៉ែត្រការ៉េ ១.៨០$ ស្មើនិង ៧៥,១៥៣ដុល្លារនៅក្នុងភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានព្រមព្រាងគ្នាកក់ប្រាក់ឱ្យទៅម្ចាស់ដីឈ្មោះ សេង នឿន ចំនួន១ម៉ឺន១ពាន់ដុល្លារ ក្នុងនោះលោកស្រី ដែលមានទំនុកចិត្តលើមិត្តភក្តិ ក៏បានដាក់ប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីយកទៅកក់ដី ចំណែកឈ្មោះ ឈន់ មុំ មានប្រាក់តែ១ពាន់ដុល្លារទេ ដើម្បីយកទៅកក់ដីនោះជាមួយគ្នា ដោយឈ្មោះ ឈន់ មុំ ជាអ្នកធានារត់ការធ្វើឯកសារទាំងអស់។ ក្នុងឯកសារបង់ប្រាក់ពន្ធទិញលក់ដី នៅសាខាពន្ធដាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ដែលបានបញ្ជាក់ក្នុងឯកសារដាក់ថា ឈ្មោះ សេង នឿន ជាម្ចាស់ដី បានផ្ទេរសិទ្ធិឱ្យឈ្មោះ ឈន់ មុំ និងឈ្មោះ កែវ ចាន់គ្រឹស្នា ជាអ្នកទទួលសិទ្ធិកាន់កាប់បន្ត។
ផ្ទុយទៅវិញឈ្មោះ ឈន់ មុំ បានទៅធ្វើប្លង់បង្ហាញដីពីប្រធានការិយាល័យសូរិយោដីស្រុកសាមគ្គីមានជ័យ ដែលបញ្ជាក់ថា ម្ចាស់ដីឈ្មោះ សេង នឿន លក់ផ្តាច់ទៅឈ្មោះ ឈន់ មុំ ដោយមិនបានដាក់ឈ្មោះលោកស្រី កែវ ចាន់គ្រឹស្នា ដែលជាអ្នកទិញដីរួមគ្នាឡើយ។ ត្រង់ចំណុចនេះហើយដែលលោកស្រីសន្មត់ថា មិត្តភក្តិពិតជាក្បត់យ៉ាងច្បាស់ក្រឡែត ព្រោះទិញដី ២នាក់ ក្នុងលិខិតទិញលក់ផ្តាច់ដាក់ឈ្មោះរួមគ្នា២នាក់ ហេតុអីពេលធ្វើប្លង់បង្ហាញដី ដើម្បីលក់បន្តបែជាដាក់ឈ្មោះតែម្នាក់ឯងទៅវិញ។
ក្នុងរឿងនេះដែរ លោក ស៊ឹម កូយ ជំទប់ទី២ ឃុំក្រាំងល្វា បានបញ្ជាក់ថា លោកបានឃើញ លោកស្រី កែវ ចាន់គ្រឹះស្នា មកដាក់ពាក្យប្តឹងនៅសាលាឃុំកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សុំឱ្យជួយទប់ស្កាត់មិនឱ្យឈ្មោះ ឈន់ មុំ លក់ដីទំនាស់នេះទៅភាគីណាឡើយ និងសុំឱ្យភាគីឈ្មោះ ឈន់ មុំ មកជួបគ្នានៅសាលាឃុំដើម្បីដោះស្រាយគ្នា ហើយក្នុងថ្ងៃនោះដែរលោកស្រី កែវ ចាន់គ្រឹះស្នា ដែលបានមករង់ចាំជួបជាមួយនឹងលោកស្រី ឈន់ មុំ មិនបានជេរបញ្ចោ នរណាម្នាក់ដូចតាមការផ្សាយរបស់សារព័ត៌មានមួយចំនួននោះឡើយ។
លោកជំទប់ឃុំ បានឲ្យដឹងទៀតថា នៅថ្ងៃនោះដែរឈ្មោះ ឈន់ មុំ មិនបានមកដោះស្រាយគ្នានៅសាលាឃុំឡើយ តែឈ្មោះ ឈន់ មុំ បានទៅបំភ្លឺជាមួយលោកនៅលំនៅដ្ឋាន ដោយបានបញ្ជាក់ថា រឿងនេះចប់ហើយ ព្រោះបានដាច់លុយកក់ទៅហើយ បើឈ្មោះ កែវ ចាន់គ្រឹះស្នា ចង់តវ៉ាទៅជួបឈ្មោះ សេង នឿន ជាម្ចាស់ដីខ្លួនឯងទៅ។ ចំពោះការស្នើរសុំកាត់ប្លង់ទិញលក់ដីបន្តទៅអ្នកទី២ មិនអាចធ្វើទៅបានទេ ព្រោះកាលទិញមានឈ្មោះ២នាក់ តែពេលសុំកាត់ប្លង់លក់បន្តមាន ឈ្មោះ ឈន់ មុំ តែម្នាក់ ហេតុនេះហើយខាងអាជ្ញាធរឃុំ មិនអាចធ្វើឯកសារឱ្យបានទេ។ ជាមួយគ្នានេះ ក្នុងនាមលោកជាអាជ្ញាធរឃុំសូមអង្គភាពព័ត៌មានមួយចំនួន ដែលបានផ្សាយខុសការពិត ដោយមិនបានសួរនាំលោក សូមមេត្តាជួយផ្សាយបកស្រាយឡើងវិញ។
ទាក់ទងការចោទប្រកាន់ខាងលើនេះ លោកស្រី ឈន់ មុំ បានបំភ្លឺប្រាប់តាមទូរស័ព្ទថា លោកស្រីមិនបានក្បត់ចិត្តនឹងមិត្តភក្តិឈ្មោះ កែវ ចាន់គ្រឹះស្នា នោះទេ គឺគាត់យល់ច្រឡំជាមួយខ្ញុំហើយ។ លោកស្រីពិតជាបានទិញដីរួមគ្នាមែន ហើយបានត្រឹមតែកក់លុយទៅម្ចាស់ដីតែប៉ុណ្ណោះ លុះដល់ពេលត្រូវបង់លុយផ្តាច់ឱ្យទៅម្ចាស់ដី ឈ្មោះ កែវ ចាន់គ្រឹះស្នា និយាយថា គាត់គ្មានលទ្ធភាពបង់ផ្តាច់នោះទេឱ្យខ្ញុំធ្វើម៉េចធ្វើទៅ។
លោកស្រីសុំបដិសេធថា មិនបានទទួលលុយកក់ពីអ្នកទិញដីទី២នោះឡើយ ការពិតគេចង់កក់លុយទិញដីខាងលើនេះមែនតែឈ្មោះ កែវ ចាន់គ្រឹះស្នា បានទៅឡូឡានៅក្នុងសាលាឃុំ តើនរណាគេហ៊ានទិញ។ ខណៈនោះដែរលោកស្រី ឈន់ មុំ មិនបានឆ្លើយសំណួរដែលសួរថា ហេតុអីពេលលោកស្រីធ្វើប្លង់ផែនទីបង្ហាញទីតាំងដីដាក់ឈ្មោះតែម្នាក់ឯងនោះ?
គួរបញ្ជាក់ថា ក្នុងសំណុំរឿងដីធ្លីខាងលើនេះ បច្ចុប្បន្នត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ចេញដីការរក្សាការពារហើយ បន្ទាប់មានបណ្តឹងពីឈ្មោះ កែវ ចាន់គ្រឹះស្នា៕