(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកណ្ដាល» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមជាវាគ្មិនពី តំណាងរបស់ខេត្តកណ្តាល ដឹកនាំដោយលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត។
សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ភិរុណ បានឲ្យដឹងថា អាណត្តិទី៣នេះ ខេត្តមានមន្ដ្រីរាជការក្របខណ្ឌ សរុប១,០៦៥នាក់ ក្នុងនោះរដ្ឋបាលខេត្ត ១៦២នាក់, រដ្ឋបាលក្រុងស្រុក ៩០៣នាក់។ ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ មាន២៧នាក់, គណៈអភិបាលខេត្ត ៧នាក់ និងក្រុមប្រឹក្សាក្រុង ស្រុក២២១នាក់, គណៈអភិបាលក្រុង ស្រុក៦៥នាក់, ក្រុមប្រឹក្សាឃុំ សង្កាត់៩១៥នាក់ និងមេឃុំជាស្ត្រី១៦នាក់។
លោកប្រធានក្រុមប្រឹក្សាខេត្ដ បានលើកឡើងពីវឌ្ឍនភាពរបស់ក្រុមប្រឹក្សា រួមមាន៖
*បានប្រជុំសាមញ្ញទៀងទាត់ ស្របតាមប្រតិទិនកំណត់ ធានាបានខ្លឹមសារ របៀបវារៈ ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបទបញ្ជាផ្ទៃក្នុង
*បានរៀបចំកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមចាំបាច់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលតម្រូវ
*បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ទៀងទាត់នៅក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងបានប្រមូលយកបញ្ហា ទុក្ខកង្វល់ សំណើ សំណូមពររបស់មូលដ្ឋានមកពិនិត្យ និងបានចាត់អាទិភាព និងធ្វើការដោះស្រាយតាមសមត្ថកិច្ច
*រៀបចំកិច្ចប្រជុំវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ មុខតំណែងមន្ត្រី ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់ ជាពិសេស ស្របតាមលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍យុត្តិធម៌
*បានចូលរួមយ៉ាងសកម្មទាំងកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីការងាររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលក្នុងនោះមានតួនាទីជាថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមជាតិ
*បានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ តាមរយៈវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនផ្ទាល់ ធ្វើឲ្យសមាជិកក្រុមប្រឹក្សាមានការយល់ដឹងពីតួនាទីរបស់ខ្លួន បានល្អប្រសើរ។
*បានចូលរួមសកម្មភាពនានា ទាំងសកម្មភាពអភិវឌ្ឍន៍ សកម្មភាពសង្គម និងសកម្មភាពផ្នែកសាសនាបានទំនាក់ទំនងល្អប្រសើរ រវាងគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត និងប្រាស្រ័យទាក់ទងជាមួយមន្ទីរ អង្គភាពជំនាញ ក្រុមប្រឹក្សាប្រភេទរួមគ្នា និងក្រុមប្រឹក្សាប្រភេទផ្សេងគ្នាជាមួយក្រុមប្រឹក្សាខេត្ត ក៏មានភាពល្អប្រសើរ ក្នុងនោះក្រុមប្រឹក្សាបានអញ្ជើញតំណាងមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ មកចូលរួមប្រជុំទៀងទាត់ ដើម្បីរាយការណ៍។
ដោយឡែក ចំពោះការផ្ដល់សេវា និងការពង្រឹងគណនេយ្យភាពវិញ ត្រូវបានលោក ម៉ៅ ភិរុណ បញ្ជាក់ថា បន្ទាប់ពីដាក់ដំណើរការអង្គភាពច្រកចេញចូលតែមួយ នៅថ្នាក់ខេត្ត បច្ចុប្បន្នបាននិងកំពុងផ្ដល់សេវា ចំនួន៧០៥សេវា ស្មើនឹង១៤វិស័យ។
អង្គភាពច្រកចេញចូលតែមួយ បានរៀបចំវគ្គបណ្ដុះបណ្ដាល អំពីកិច្ចដំណើរការរបស់ការិយាល័យច្រកចេញចូលតែមួយ និងការផ្ដល់សេវា ព្រមទាំងការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងការផ្ដល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត៕