(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ពុំមានលិខិតស្នាម លួចឆ្លងដែនចូលមកស្នាក់នៅខេត្តព្រះសីហនុបាន ២០ថ្ងៃ រួចត្រូវបានមេខ្យល់បញ្ជូនមកធ្វើការនៅកាស៊ីណូថ្មដាបាន ២០ថ្ងៃទៀត។
ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើ ត្រូវបានធ្វើឡើងនាវេលាម៉ោង ១៖៣០នាទីរសៀលថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរកឃើញជនជាតិវៀតណាមទាំងនោះ បានរត់ចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News បានឱ្យដឹងថា ជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ៖
១-ប៊ួយ ចឹងតង ភេទប្រុស អាយុ៣៧ឆ្នាំ
២-ឡេ វឹងហុងគក់ ភេទប្រុស អាយុ១៩ឆ្នាំ
៣-តៅ ហៀន ភេទប្រុស អាយុ៣២ឆ្នាំ
៤-ដាំង វាងបួន ភេទប្រុស អាយុ៣២ឆ្នាំ
៥-វៀនតាន់លីង ភេទប្រុស អាយុ២៥ឆ្នាំ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយពីកម្លាំងនគរបាលស្រុកវាលវែង ដឹកនាំដោយលោកអធិការងទទួលការងារអន្តោប្រវេសន៍ បានឃាត់ខ្លួនសាកសួរ និងពិនិត្យពុំឃើញមានលិខិតឆ្លងដែនទាំងអស់ហើយក្រុមហ៊ុន MDS មិនទទួលស្គាល់យកធ្វើការវិញនោះ ពួកគេក៏ត្រូវបានបញ្ជូនបន្តមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលរលាំង និងបន្តប្រគល់ជូនសមត្ថកិច្ចអនុវត្តន៍ច្បាប់។
តាមការសាកសួរបឋម ជនជាតិវៀតណាម៥នាក់នោះ គឺមានជនជាតិវៀតណាមម្នាក់ មិនស្គាល់ឈ្មោះជាមេខ្យល់ បាននាំចូលឱ្យមកស្នាក់នៅខេត្តកំពង់សោម រយៈពេល ២០ថ្ងៃកន្លងមកហើយ ដោយមិនបានស្គាល់ឈ្មោះច្រកចេញចូល បន្ទាប់មកបានបញ្ជូនមកដាក់ធ្វើការនៅកាស៊ីណូថ្មដា ចំនួន២០ថ្ងៃទៀត៕