(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការ រឹតបន្តឹងការអនុវត្តវិធានការ សុវត្ថិភាពសុខភាពសិក្សា នៅតាមសាលារដ្ឋ និងឯកជន ទូទាំងប្រទេស។
ក្រសួងបញ្ជាក់ថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និង សាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រសួង សូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនទាំងអស់ រឹតបណ្ដឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ'» តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ដោយត្រូវអនុវត្តន៍រួមមាន៖
១៖ អនុវត្តឱ្យបានយ៉ាងម៉ឺងមាត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សា ឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០
២៖ បុគ្គលិកអប់រំ និងសិស្សានុសិស្ស ត្រូវចៀសវាងទៅកាន់ទីកន្លែង ដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩
៣៖ ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០ នាក់
៤៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
៥៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវបូកសរុបរបាយការណ៍ ស្ដីពីចំនួនបុគ្គលិកអប់រំ ដែលសង្ស័យថា មានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
៦៖ បុគ្គលិកអប់រំ ដែលមានការប៉ះពាល់ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្តវិធានចត្តាឡីស័ក ឱ្យបានត្រឹមត្រូវបំផុត៕