(សៀមរាប)៖ លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីជួសជុលខ្លោងទ្វារតាកាវឡើងវិញ បន្ទាប់ពីខ្លោងទ្វារដ៏វ័យចំណាស់មួយនេះមានសភាពចាស់ទ្រុឌទ្រោម។ កម្មវិធីបានធ្វើឡើង នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។
ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ការរៀបចំពិធីក្រុងពាលីនេះ ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី ក្នុងការសុំជួសជុលក្លោងទ្វាដ៏មានវ័យចំណាស់នេះ ដែលរងការគំរាមកំហែងដោយសារអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ និងត្រូវបានបិទមិនឱ្យរថយន្តធ្វើដំណើឆ្លងកាត់ឡើយ។
ចំណែកឯថវិកាសម្រាប់ចំណាយក្នុងការជួសជុលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោកស្រីឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ដោយបានទទួលការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សារា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិខ្មែរសម្រាប់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយៗបន្តទៀត៕