Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូល នឹងប្រកាសសាលដីកា សំណុំរឿងសុំនៅក្រៅឃុំ លោក ហុង សុខហួរ នៅថ្ងៃទី៤ មីនា

26-02-2016 09:32

(ភ្នំពេញ)៖ តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងសុំនៅក្រៅឃុំ លោក ហុង សុខហួរអតីតសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី នៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់ លោក ជួង ជូងី មេធាវីការពារក្តីឱ្យ លោក ហុង សុខហួរ។

ការកំណត់ពេលប្រកាសសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានបើកសវនាការករណីនេះ រយៈពេលជាង១ម៉ោង នៅព្រឹកមិញ។ សវនាកានេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក នៅ មុនីជោត ជាតំណាងមហាអយ្យការ។

លោក ជួង ជូងី បានប្រាប់ Fresh News ឱ្យដឹងថា សវនាការព្រឹកមិញនេះ លោក ហុង សុខហួរ បានស្នើតម្កល់ប្រាក់ ២០លានរៀល ដើម្បីបាននៅក្រៅឃុំ ប៉ុន្តែទោះជាយ៉ាងណា លោកមិនទាន់ជឿជាក់ទាំងស្រុងថាលទ្ធផលយ៉ាងម៉េចនោះទេ ។

សូមជំរាបថា លោក ហុង សុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ  ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី៥ ទៅ ១០ឆ្នាំ ៕