(កណ្ដាល)៖ ថ្លែងប្រាប់ភ្នាក់ងារបណ្ដាញព័ត៌មាន Fresh News លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឲ្យដឹងថា ភោជនីយដ្ឋានឡូហ្សិក២ ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ បានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវយកអ្នកពាក់ព័ន្ធទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ក។
លោក គង់ សោភ័ណ្ឌ បានអះអាងថា រហូតមកដល់ល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ មនុស្សដែលបម្រើការងារនៅភោជនីដ្ឋានឡូហ្សិក២ ចំនួន៧៦នាក់ហើយ ត្រូវបានយកទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័កនៅសាលារៀនព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ។
អភិបាលខេត្តកណ្ដាលរូបនេះ បានគូសបញ្ជាក់ទៀតថា កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កផងដែរ។
លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ របស់រដ្ឋបាលខេត្ត បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម។
បើតាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងដឹកនាំមន្ដ្រីជំនាញ ចុះពិនិត្យស្ថានភាពនៅខេត្តកណ្ដាលផងដែរ។
គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់៕