(ភ្នំពេញ)៖ ជាជោគជ័យថ្មីមួយទៀតដែល លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានគណៈកម្មាធិការប្រតិបត្តិ របស់ក្រុមប្រឹក្សាបោះឆ្នោត ជ្រើសតាំងជាប្រធានថ្មីនៃក្រុមប្រឹក្សាយុវជនអាស៊ី កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
នេះបើតាមការគូសបញ្ជាក់របស់ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានថ្លែងក្នុងឱកាសបើកវេទិកាយុវជនអាស៊ី នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
នៅមុនភាពជោគជ័យនៃការទទួលបានតំណែងប្រធានអង្គការយុវជនកម្រិតតំបន់នេះ លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទើបទទួលបានពានរង្វាន់អន្តរជាតិមួយ គឺពានរង្វាន់សន្តិភាព GUSI ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំពោះការខិតខំប្រឹងប្រែងរបស់ លោក ហ៊ុន ម៉ានី ក្នុងការងារពាក់ព័ន្ធការថែរក្សាសន្តិភាពសកល ភាពជាអ្នកដឹកនាំយុវជនសកល ការងារមនុស្សធម៌ និងការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនអាស៊ី (AYC) គឺជាអង្គការយុវជនតំបន់ក្រៅរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងកាលពីថៃ្ងទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងគោលបំណងផ្តល់វេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជន និងយុវជនអាស៊ី ដែលមានគោលបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ សមាជិកភាពរបស់ក្រុមប្រឹក្សាយុវជនអាស៊ី រួមមានអង្គការយុវជនជាតិ ដែលទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ខ្លួន។
ក្រុមប្រឹក្សាយុវជនអាស៊ី តែងតែរៀបចំនូវសន្និបាតប្រចាំឆ្នាំរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០១៦នេះ សន្និបាតប្រចាំឆ្នាំរបស់ ក្រុមប្រឹក្សាយុវជនអាស៊ី ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា៕