(ព្រះវិហារ)៖ ព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត យុវជនក្រុង-ស្រុកនិងយុវជនឃុំ-សង្កាត់ទូទាំងខេត្ត ក្រោមអធិបតីភាពលោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន្ថ នៃយុវជនបក្សថ្នាក់កណ្តាល និង លោក អ៊ុក គឹមសាន សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក អ៊ុក គឹមសាន ប្រធានយុវជនបក្សខេត្តព្រះវិហារ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជា ប្រធានផ្នែកក្រសួង-ស្ថាប័ន្ថ នៃយុវជនគណបក្សថ្នាក់កណ្តាលដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនខេត្តព្រះវិហារ។
លោក អ៊ុក គឹមសាន បានលើកឡើងថា ពិធីសំណេះសំណាលនាព្រឹកនេះពិតជាមានសារសំខាន់ណាស់សំរាប់ក្រុមការងារយុវជនគណបក្សនៅគ្រប់បណ្តាថ្នាក់ទូទាំងខេត្ត មានឱកាសបានជួបជុំគ្នា និង ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងយុវជននៅគ្រប់បណ្តាថ្នាក់ ។
លោល ជ្រុន ថេរ៉ាវ៉ាត បានជម្រាបជូនដល់ក្រុមការងារយុវជនគណបក្សនៅគ្រប់បណ្តាថ្នាក់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ របៀបរបបធ្វើការរបស់យុវជន និងការចូលរួមធ្វើសកម្មភាពរបស់យុវជនជាមួយគណះកម្មាធិការបក្សគ្រប់ថ្នាក់។ នៅក្នុងឱកាសនោះដែរលោក ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំឱយក្រុមការងារយុវជនគ្រប់បណ្តាថ្នាក់ពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត១សន្លឹក" ។
ពិធីសំណេះសំណាលខាងលើនេះបានប្រព្រឹត្តិទៅយ៉ាងបរិយាកាសផុលផុស ដោយមានយុវជនជាច្រើនបានលើកជាសំណួរ សំណូមពរ និងបទពិសោធន៌ជាច្រើន ជាមួយនឹងការបកស្រាយយ៉ាងក្បោះក្បាយរបស់លោក ជ្រុន ថេរ៉ាវ៉ាតធ្វើអោយយុវជនមានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ហើយបានសន្យាថានឹងខិតខំបម្រើគណបក្សអោយអស់ពីសមត្ថភាព សំដៅធ្វើយ៉ាងណាអោយគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ជាពិសេសឆ្នាំ២០២២-២០២៣ ខាងមុខនេះ ដើម្បីទុកលទ្ធភាពជូនសម្តេចតេជោបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដឹកនាំប្រទេសអោយទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ។
ទទ្ទឹមនឹងនោះដែរលោល ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវ អោយយុវជនទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយះវិធានការរបស់សម្តេចតេជោគឺ ៣ ការពារ និង ៣ កុំ ផងដែរ ។
ក្នុងពិធីនេះដែរ លោក អ៊ុក គឹមសាន ក្នុងនាមជាប្រធានយុវជនខេត្ត ក៏បានផ្តល់នូវអាហារសម្រន់ដល់អ្នកចូលរួម និងឧបត្ថម្ភថវិកាជាសោហ៊ុយក្នុងការធ្វើដំណើរផងដែរ៕