(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid» ទូទាំងប្រទេស នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid» ជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ អាជីវករគ្រប់គ្រងផ្សារ ដើម្បីផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយ និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋអាចស្កេននៅពេលចូលទីតាំងដែលអញ្ជើញទៅដល់ ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។ ក្នុងឱកាសនោះ លោក លោកស្រី អភិបាលខណ្ឌទាំងអស់ស្វាគមន៍គាំទ្រ និងប្ដេជ្ញាជំរុញអាជីវកម្មក្នុងខណ្ឌទាំងអស់ឲ្យប្រើប្រាស់ប្រព័ន្ធនេះ។ គិតត្រឹមរសៀលនេះ មានគ្រឹះស្ថានសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើម ចំនួនជាង៣,០០០ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។
ជាថ្មីម្ដងទៀត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវដល់ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានា ចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid» នេះសម្រាប់ទីតាំងរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់ បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងសង្គមដោយសារការរាតត្បាត នៃជំងឺនេះ ដូចបណ្ដាប្រទេសផ្សេងទៀត។
សូមសាធារណជន ទាំងអស់ចូលរួមសហការ ស្កេន QR Code នេះ នៅតាមទីតាំងដែល មានដាក់ QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid» តាមរយៈ គេហទំព័រ stopcovid.gov.kh ដោយចុចលើពាក្យ «ចាប់ផ្តើមស្កេន»។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid» សូមទាក់ទងទៅកាន់ មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈលេខទូរស័ព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ099 888 516, 012 979 079 ឬគេហទំព័រ www.mptc.gov.kh (http://www.mptc.gov.kh/) និងទំព័រហ្វេសប៊ុក «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍-Ministry of Post and Telecommunications»៕