(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះស្ថានីយប្រេងមួយកន្លែងយីហោ «ដេប៉ូតេលាក្រុងសួង» ស្ថិតក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្រោយទទួលដំណឹង និងទទួលបទបញ្ជាផ្ទាល់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ០២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០២គ្រឿង ប្រើប្រាស់ទឹកចំនួន២៥គ្រឿង។
ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំនួន៣០០ដុល្លា ដល់កងកម្លាំងដែលបានសហការពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស ឬឆេះរាល់ដាលតនោះទៀតនោះឡើយ។
អធិការនគរបាលក្រុងសួង បានឲ្យដឹងថា ស្ថានីយប្រេងខាងលើនេះ ម្ចាស់ឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី ហើយមូលហេតុដែលនាំឲ្យមានការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ដោយឡែក ទំហំនៃការខូចខាតវិញ អគ្គិភ័យបំផ្លាញទីតាំងស្ថានីយទាំងស្រុង, ឆេះកុងទ័របូមប្រេងចំនួន២, រថយន្ត២គ្រឿង ម៉ាក Lexus330 មួយគ្រឿង, រថយន្ដ២តោនកន្លះ១គ្រឿង, ប្រេងម៉ាស៉ីន២០កេស, ម៉ូតូ៣គ្រឿង, រ៉ឺម៉កម៉ូតូ១គ្រឿង រួមទាំងថវិកា និងសម្ភារមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ៕