(កំពង់ឆ្នាំង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹកបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក បង្កឡើងដោយកាណូតជាប់ហ្គារដោយខ្លួនឯង ខណៈកំពុងធ្វើដំណើរតាមផ្លូវទឹកត្រឡប់មកចូលរួមពិធីបុណ្យវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹកខាងលើនេះ បានកើតឡើងវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចក្បាលកោះត្រែងព្រែកកាត់ ឆ្លងទៅក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អធិការនគរបាលស្រុកកំពង់លែង លោកវរសេនីយ៍ឯក ប៉ាល់ ជឿន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង តាមទូរស័ព្ទឱ្យដឹងថា៖ «នៅវេលាម៉ោង៤៖៣០ នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះការណូតមួយគ្រឿង ដោយមានមនុស្សជិះច្រើននាក់ ត្រឡប់មកពីធ្វើបុណ្យវិញ លុះមកដល់ចំណុចកើតហេតុខាងលើ ការណូតបានជាប់ខ្សែហ្គាធ្វើឱ្តម៉ាស៊ីនរកខ្លាំង និងបន្ថែមល្បឿនទៅមុខ ដោយសារភាពស្លន់ស្លោរបស់តៃកុងកាណូត ក៏បានរេចង្កូតទៅបុកច្រាំងបណ្តាលអោយបាឡាបាក់ដាច់ជាពីរកំណាត់ និងមានមនុស្សស្លាប់បណ្តាលឱ្យរងរបួសជាច្រើននាក់ផងដែរ»។
លោកអធិការនគបាលស្រុកកំពង់លែង បានឱ្យដឹងទៀតថា អ្នកបើកបរការណូតដែលជាម្ចាស់ការណូតខាងលើឈ្មោះ ភឿង សុភាព ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង បានបើកបាឡាស្មាច់ ០១គ្រឿង ដែលមានប្រវែង៧,៧០ម៉ែត្រ ក្នុងទិសដៅពីឃុំប្រឡាយមាស ទៅកករុងកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន ៦នាក់។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយកើតហេតុជនរងគ្រោះដែលស្លាប់ស្លាប់ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕