(ព្រៃវែង)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងនាយកសមាគមបេសកកម្មដំណឹងល្អ បានប្រគល់អណ្តូងទឹក១០កន្លែង ដល់ពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគិតគូថែទាំពីបញ្ហាសុខភាព។
ការអំពាវនាវបែបនេះ របស់លោក ខាន់ ខុន បានធ្វើឡើងនៅក្នុងឱកាសលោកចុះប្រគល់អណ្តូងទឹកចំនួន ១០កន្លែង នៅស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី២០ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងពិធីប្រគល់អណ្ដូងទឹកខាងលើនេះ លោក ខាន់ ខុន បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ -១៩នេះ ហើយអណ្តូងទាំង ១០នេះ គឺជាការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អ រួមជាមួយក្រុមហ៊ុន (ប៊ីម៉ារៀលអ៊ីស្តេត) Bema Real Estate co.Ltd ដោយមានការចូលរួមពីលោក ឡាយ សំអឿន អភិបាលរងស្រុកបាភ្នំ អាជ្ញាធរ ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើន។
ជាមួយគ្នានេះដែរ លោក ខាន់ ខុន បានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេស គឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឱ្យមានសង្រ្គាម។
លោក ខាន់ ខុន បានបន្ថែមថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឱ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុផងដែរ។
ទន្ទឹមនឹងនេះលោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាស ឬក្រមាពេលចេញក្រៅផ្ទះជាដើម។
បើតាមលោក ឡាយ សំអឿន អភិបាលរងស្រុកបាភ្នំ បានថ្លែងថា ក្នុងនាមតំណាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានបង្ហាញទឹកចិត្តរំភើបរីករាយ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានប្រគល់អណ្ដូងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាភ្នំនាពេលនេះ។
អណ្តូងទាំង១០កន្លែង ដែលប្រគល់ជូនប្រជាពលរដ្ឋរួមមានទី១៖ ឃុំបឹងព្រះ, ទី២៖ ឃុំស្ពឺក, ទីទី៣៖ ឃុំរោងដំរីមាន និងទី៤៖ ឃុំធាយ៕