(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តជោតិរង្សុី ហៅវត្តបុស្ស មានតម្លៃប្រមាណ៥៤មុឺនដុល្លារ ក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសម្តេចទាំងទ្វេ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានរួមចំណែក ក្នុងការកសាង និងជួសជុលនូវសមិទ្ធផលនានា ក្នុងវត្តជោតិរង្សុី ហៅវត្តបុស្ស នេះឡើងវិញ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងប្រណិត នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតសម្រេចបានសមិទ្ធផលជាច្រើនតម្កល់ទុក បម្រើដល់សេចក្តីត្រូវការក្នុងផ្នែកពុទ្ធចក្រ។
ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រពៃណីគណបក្សប្រជាជន គឺនៅកៀកជាប់ប្រជាជនកម្ពុជាជានិច្ច ជាក់ស្តែង មុននឹងក្រោយថ្ងៃរំដោះ០៧មករា រហូតដល់បច្ចុប្បន្ន គណបក្សប្រជាជន បាននាំយកសុខសន្តិភាព រួមសុខរួមទុក្ខរួមដំណើរជាមួយប្រជាពលរដ្ឋទូទាំងប្រទេស តស៊ួពុះពាររហូតទទួលបានស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿង នៃសង្គមជាតិយើង។ ជាពិសេសបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំកម្ពុជា ដើម្បីបន្តបោះជំហានលើការអភិវឌ្ឍន៍ជាបន្តទៀត។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានជំរុញឲ្យអាជ្ញាធរបន្តយន្តការដោះស្រាយបញ្ហា និងរាល់សំណូមពរឲ្យបានលឿន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយឡែកពលរដ្ឋត្រូវស្តាប់អាជ្ញាធរ ដកចិត្តចេញពីការគិតរាល់នូវសម្តីញុះញង់កុហកបោកប្រាស់ពីជនអគិតមួយចំនួន បន្តគោរព ការពារថែរក្សាសមិទ្ធផល និងសុខសន្តិភាពរួមគ្នាបន្តទៀត ជាពិសេសត្រូវចូលរួមអនុវត្តន៍ការពារ៣ និងកុំ៣ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈថ្ងៃនេះ ក្រោយមានការផ្ទុះឆ្លងថ្មីក្នុងសហគមន៍ដល់ទៅជាង៣០នាក់បន្ថែម ដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ជាសារដាស់តឿនពលរដ្ឋទូទាំងប្រទេសត្រូវប្រុងប្រយ័ត្នខ្ពស់ជាថ្មី។
ក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត, ឧបនាយករដ្ឋមន្រ្តី ជា សុ ផារ៉ា បានប្រគេនបច្ច័យ៣០,០០០ដុល្លារបន្ថែម រួមទាំងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ចំនួន១០លានរៀលបន្ថែម ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដើម្បីបង្គ្រប់ថ្លៃជាងដែលវត្តនៅជំពាក់ចំនួន ៣៥,០០០ដុល្លារ ក៏ដូចជាបានបំពាក់គ្រឿងឥស្សរិយយស ប្រគេនដល់ព្រះសង្ឃ លោក លោកស្រី ដែលបានរួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តបុស្សនេះ ព្រមទាំងចែកជូនក្រណាត់ស សម្ភារសិក្សា និងថវិការដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលចូលរួមនាឱកាសនោះផងដែរ៕