(ភ្នំពេញ)៖ ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាលកម្ពុជា ដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ១៩ Stop Covid-19»។
ប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ១៩ Stop Covid-19» នេះ ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំឡើងដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។
«ប្រព័ន្ធនេះកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបាន ចេញ-ចូល (ជាប្រព័ន្ធដែលមិនមានការតាមដាន ឯកជនភាពរបស់បុគ្គល) និងផ្តល់ភាពងាយស្រួល ក្នុងការតាមស្វែងរកអ្នកដែល ជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩»។
គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានណែនាំដល់ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទី តាំងដែលបានរៀបរាប់ខាងលើដែលមានមនុស្សជួបជុំច្រើនឱ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩ (Stop Covid-19)»នេះ ដើម្បីទទួលបាន QR Code យកមកប្រើប្រាស់ សូមចូលទៅកាន់ គេហទំព័រ stopcovid.gov.kh រួចចុចលើ ពាក្យ «ស្នើសុំ QR Code»។ បន្ទាប់មក សូមបំពេញព័ត៌មាន រួចចុចលើ «ស្នើសុំ QR Code» និងចុចលើ «Download» ដើម្បីទទួលបាន QR Code មួយសន្លឹក យកទៅព្រីន និងបិទនៅពីមុខទីកន្លែងចេញ-ចូលរបស់ខ្លួន ។ ការប្រើប្រាស់ប្រព័ន្ធនេះ មិនតម្រូវឱ្យមានការចំណាយណាមួយនោះទេ ។
គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមប្រើប្រាស់ប្រព័ន្ធនេះទាំងអស់គ្នា ដើម្បីបង្ការសុខភាព ចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតសកលនេះ៕