(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖០០ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកសវនាការជំនុំជម្រះសំណុំរឿងយុវជនម្នាក់ ជាអតីតនិស្សិតសាកលវិទ្យាល័យខេមរៈដែល អំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook កាលពីឆ្នាំមុន ។
យុវជនម្នាក់នោះមានឈ្មោះ គង់ រ៉ាយ៉ា អាយុ២៥ឆ្នាំ ជាអតីតនិស្សិតនៅសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែសីហា ឆ្នាំមុន បន្ទាប់ពីរូបគេសរសេរខ្លឹមសារអំពាវនាវឱ្យធ្វើបដិវត្តន៍ពណ៌ នៅលើបណ្តាញសង្គម Facebook ។ តុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ាយ៉ា បានសរសេរបង្ហោះលើ Facebook ដោយអំពាវនាវយ៉ាងដូច្នេះថា «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលអនាគត ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាល់ប្តូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជារូបខ្ញុំត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏ដោយ ក៏ខ្ញុំនៅតែធ្វើវាដដែល»៕