(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនចំពោះ នាយ នាយរង ពលទាហាន និងនគរបាល ការពារព្រំដែនគោកនិងទឹក ប្រចាំការជួរមុខ ទិសយោធភូមិភាគទី ៣ នៅក្នុងខេត្តកោះកុង។
នៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានពិនិត្យដោយផ្ទាល់នូវសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅលើពលទាហាននិងនគរបាល ការពារព្រំដែន ដែលជាអ្នកជួរមុខក្នុងការការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយចាក់ទៅលើពលទាហាន និងនរគបាល ការពារព្រំដែន នៅទិសយោធភូមិភាគទី ៣ ប្រមាណ ១២០០ នាក់។
សម្តេច ទៀ បាញ់ បានថ្លែងថា សម្តេចមានមោទកភាព និងសប្បាយចិត្តយ៉ាងខ្លាំងដែលកងទ័ពបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ព្រោះកងទ័ពជាអ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺដ៏កាចសាហាវនេះ។ សម្តេចបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល ពោលគឺសម្តេចតេជោ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពរបស់កងទ័ព ដែលជាអ្នកជួរមុខជួយដល់ប្រជាពលរដ្ឋនិងជាតិទាំងមូល ដោយសម្តេចតេជោ បានអនុញ្ញាតឲ្យកងទ័ពក្នុងក្របខណ្ឌក្រសួងការពារជាតិទទួលបានវ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣០ ម៉ឺនដូស។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលទាហាននិងនគរបាល ការពារព្រំដែនជួរមុខ នៅក្នុងខេត្តកោះកុង នៅពេលនេះ គឺជាការឈ្វេងយល់បន្ថែមពីដំណើរការចាក់វ៉ាក់សាំងទៅលើកងទ័ព ដើម្បីរៀបចំឲ្យបានល្អប្រសើរនិងដំណើរការចាក់ទៅដោយរលូន ព្រមទាំងបានលឿន សម្រាប់យុទ្ធនាការចាក់នៅតាមទីកន្លែងដទៃទៀត។ សម្តេចបញ្ជាក់ថា នៅថ្ងៃនេះ វ៉ាក់សាំងបង្ការកូវីដ១៩ បានដឹកផ្លូវឆ្ងាយចេញពីរាជធានីភ្នំពេញជាលើកដំបូង ដោយមានការរៀបចំបានល្អតាមបទដ្ឋានសុខាភិបាល និងរក្សាបាននៅប្រសិទ្ធភាពដដែល ដែលជាជំហាននិងជាបទពិសោធសម្រាប់ដឹកទៅចាក់ជូនទាហាននៅខេត្តផ្សេងៗទៀត បន្ទាប់ពីការចាក់នៅខេត្តកោះកុងនេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១ លានដូស ជូនកម្ពុជា ក្រោយពីមានសំណើររដ្ឋមន្រ្តីការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ ទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិចិន។ កាលពីថ្ងៃទី ៧ ខែកុម្ភៈ វ៉ាក់សាំងរបស់ចិន Sinopharm បានដឹកមកដល់កម្ពុជាដំណាក់កាលដំបូងចំនួន ៦០ ម៉ឺនដូស ហើយក្នុងចំណោមនេះ ត្រូវបានបែកចែកសម្រាប់ចាក់ជូនកងទ័ពក្រសួងការពារជាតិចំនួន ៣០ ម៉ឺនដូស។ ការចាក់វ៉ាក់សាំងដល់កងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមតាំងពីថ្ងៃទី ១០ ខែកុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និងចាក់ជូនកងទ័ពនៅខេត្តកោះកុងលើកដំបូងនៅថ្ងៃទី ២០ ខែកុម្ភៈនេះ៕