(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា មានសំណង់តូចធំមួយចំនួន នៅតែចូលចិត្តសង់រំលោភ យកចំណីដីសាធារណៈ សម្តេចបានស្នើដល់ម្ចាស់សំណង់ចំណង់ទាំងនោះ ត្រូវបញ្ឈប់ការសង់រំលោភផ្លូវសាធារណៈ ហើយត្រូវតែ គោរពច្បាប់ឲ្យបានត្រឹមត្រូវ ប្រសិនបើកពួកគេមិនចង់ឲ្យមានការរុះរើសំណង់ពេលកំពុងសាងសង់ ឬទទួលទោសពិន័យផ្សេងៗ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងនៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរំលេចជាមួយរូបភាព នៃការដ្ឋានសំណង់របស់អគារ ណាហ្គាជាច្រើនសន្លឹកថា ការវិនិយោគផ្នែកសំណង់ ទូទៅរួមទាំង Hotel, Condo, Apartment, សាលារៀន ផ្សារទំនើប Malls និងក្លឹបកម្សាន្តនានានៅទូទាំងរាជធានីភ្នំពេញ កំពុងរីក ដុះដាលស្ទើរគ្រប់ទីកន្លែង។
ទន្ទឹមការរីកដុះដាលការសាងសង់នេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមហ៊ុនទាំងនោះ ទោះបីតូច ឬធំ ត្រូវយកចិត្តទុកដាក់ លើសុវត្ថិភាពជាចម្បង ហើយរាល់ការសាងសង់ គឺត្រូវតែមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ហើគោរពតាមគោលការណ៍សំណង់ និង មាន គុណភាព ដែលជាទីទុកចិត្តរបស់ពលរដ្ឋ។
តែសម្តេចបានថ្លែងគូសបញ្ជាក់ថា សំណង់មួយចំនួននៅតែចូលចិត្តបំពានយកចំណីដីផ្លូវសាធារណៈ «នៅក្នុងរាជធានីភ្នំពេញ យើង សង្កេតឃើញមានសំណង់តូចធំមួយចំនួន គឺធ្វើចូលចិត្តតែរីកលយចេញមកខាងក្រៅលើចំណីដីសាធារណៈ ហើយគិតថានឹងបានរួច ពីសំណាញ់ច្បាប់។ ដើម្បីចៀសវាងការរុះរើចេញនៅក្នុងពេលពាក់កណ្តាលសាងសង់អាគារ គឺសូមបណ្តាក្រុមហ៊ុននានាយកចិត្តទុក ដាក់ កុំបំពារបំពាន ឬកេងចំណេញយកចំណីផ្លូវសាធារណៈធ្វើជារបស់ផងខ្លួន។ នាំគ្នាគោរពច្បាប់ឲ្យបានល្អត្រឹមនត្រូវ បើទោះបី ពេលមុន ឬពេលនេះ បានរួចផុតពីសំណាញ់ច្បាប់ តែនៅពេលមួយនោះនឹងទទួលទោសពិន័យធ្ងន់ធ្ងរថែមទៀត»។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្លាប់បានបញ្ជាឲ្យរុះរើម្តងរួច មកហើយនូវសំណង់អគាររបស់ណាហ្គាវើល បន្ទាប់ពីសម្តេចពិនិត្យឃើញថា សំណង់នេះ សង់រំលោភលើដីសាធារណៈ។ បន្ទាប់ពី នោះសម្តេចតេជោ បានព្រមានឲ្យរុះរើចោលទាំងអស់រាល់សំណង់ទាំងឡាយណា ដែលសង់រំលោភលើផ្លូវសាធារណៈ។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានផងដែរទៅដល់មន្រ្តី ដោយសម្តេចបញ្ជាក់ថា មន្រ្តីនៅតាមមូលដ្ឋានត្រូវតែទទួលខុសត្រូវនៅ លើទឹកដីរបស់ខ្លួនពេលមានសំណង់ខុសច្បាប់ ឬរំលោភចំណីដីសាធារណៈកើតមានឡើង៕