(សៀមរាប)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការ កសាងសមិទ្ធផលនានា នៅខាងមុខព្រះរាជតំណាក់ ខេត្តសៀមរាប។
កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ មានវត្តមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង, លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដី មន្ត្រី មកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
សម្តេចចៅហ្វាវាំងប្រធានអង្គប្រជុំបានពិនិត្យមើលយ៉ាងម៉ត់ចត់អំពីសកម្មភាពការងារដែលបាន អនុវត្តនៅពេលកន្លងមកដែលក្រសួងព្រះបរមរាជវាំង បានកសាងសមិទ្ធផលនៅខាងមុខព្រះរាជដំណាក់ខេត្តសៀមរាប មានការងារ សំខាន់ៗចំនួន៣បានខិតខំអនុវត្តន ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ការងារសម្រេចបាន ៦៧.៥០% នៃគម្រោងសរុប លើការងារសំខាន់ៗ ទាំង៣ ក្នុងនោះមាន៖
១៖ ការងារគ្រឿងបង្គំសំណង់ ក្លោងទ្វារ របង ផ្លូវបេតុង និងការកែលម្អសួន ច្បារ
២៖ ការងារស្ថាបត្យកម្ម ក្លោងទ្វារ របង ផ្លូវបេតុង និងកែលម្អសួនច្បារ
៣៖ ប្រពន្ធ័អគ្គីសនីនិងទឹក។
សម្រាប់អង្គប្រជុំនាពេលនេះ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ដែលជាស្ថាបត្យករដ៏ឆ្នើមមួយរូបរបស់ជាតិ បានផ្តល់អនុសាសន៍ ជូនអង្គប្រជុំឲ្យសម្រេចទទួលបានជោគជ័យបន្ថែមទៀតលើការងារដែលត្រូវអនុវត្តបន្តនៅក្នុងជំហានទី២ ដូចជាការងារកសាងប្រព័ន្ធផ្លូវ លូបង្ហូរទឹកចេញពីបរិវេណសួនច្បារ ការតុបតែងលម្អសួន ក្រាលការ៉ូឡាក្នុងបរិវេណសួន ការរចនាខ្លោងទ្វារ ចម្លាក់ថ្ម និងការកសាងដងទង់ជាតិជាដើម។
គួររំលឹកថា កន្លងមកសម្តេចចៅហ្វាវាំង គង់ សំអុល និងលោក គុយ សុផល តែងតែបានអញ្ជើញចុះពិនិត្យ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ស្តីពីការបន្តខិតខំប្រឹងប្រែង ក្នុងស្មារតីរួមសាមគ្គីភាព និងការយកចិត្តទុកដាក់ ខ្ពស់ចំពោះការអនុវត្តន៍នូវរាល់ភារៈកិច្ចទាំងឡាយ ស្របទៅតាមគម្រោងផែនការនៃការកសាង សមិទ្ធផលសំខាន់ៗខាងលើ ឲ្យសម្រេច ទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក ដើម្បី ថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ដែលជាស្នាព្រះហស្ថដ៏ថ្លៃ ថ្លារបស់អតីតព្រះមហា ក្សត្រ ព្រះមហាក្សត្រយានីខ្មែរ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ឲ្យមាន សោភណ ភាពយ៉ាងស្រស់ ប្រណិត និងមានគុណភាពជាប់រឹងមាំដ៏យូរ អង្វែង តរៀងទៅ។
ការកសាងសមិទ្ធិផលសំខាន់ៗទាំងនេះ គឺមានគុណប្រយោជន៍យ៉ាងធំធេងក្នុងការថែរក្សា ការពារសុវត្ថិភាពព្រះអង្គចេកព្រះអង្គចមឲ្យមានភាពគង់វង្សនឹងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្រាប់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គគង់បំពេញព្រះរាជ កិច្ចដ៏ឧត្តុងឧត្តមទាំងឡាយជូនជាតិ នៅព្រះរាជតំណាក់ ខេត្តសៀមរាបជាប្រវត្តិសាស្ត្រនេះ និងជាទីសក្ការៈសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាដើមផងដែរ។
ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលជាស្ថាបត្យករដ៏ឆ្នើមមួយរូបរបស់ជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អាជ្ញាធរដែនដី មន្រ្តីជំនាញក្នុងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញពិនិត្យដោយផ្ទាល់អំពីលទ្ធផលការងារ ដែលខិតខំសម្រេច បាននៅក្នុងឆ្នាំ២០២០ និងការងារដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ២០២១នេះ៕