(ភ្នំពេញ)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅចំណុចដីឡូតិ៍វាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោង៨៖៤០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
បើតាមសមត្ថកិច្ច ជនរងគ្រោះដែលស្លាប់នេះ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ស្លៀកខោខ្លីក្រឡាការ៉ូពណ៌ប្រផេះត្រឹមជង្គង់ ពាក់អាវយឺតដៃខ្លី ពណ៌ក្រហម មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសពមានសភាពហើមរលួយ មានស្នាមកាប់៣កន្លែង គឺនៅត្រចៀកខាងឆ្វេង០១កន្លែង និងនៅលើក្បាលខាងស្តាំ០២កន្លែង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលពិនិត្យរួច សពបានយកទៅដម្កល់ទុកនៅវត្ត ចាក់អង្រែក្រោម ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕