(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានបញ្ជាក់ថា ជំងឺកុមារទូទៅ ជាពិសេសជំងឺឆ្លង មានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងបរិបទកូវីដ-១៩នេះ ដោយសារតែអាណាព្យាបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំកូនតូច និងមានការលាងសំអាតដៃ ពាក់ម៉ាស ក៏ដូចជាអនាម័យខ្លួនប្រាណបានល្អជាងមុន។
ការអះអាងយ៉ាងដូច្នេះ របស់លោកសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងទិវាវេជ្ជសាស្ត្រកុមារ លើកទី២៣ ដែលមានការចូលរួមពីប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា រួមទាំងបណ្តាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតគ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា ចំនួន១៥០នាក់ និងតាមអនឡាញចំនួន២៥០នាក់។
លោកបានបញ្ជាក់ថា «ការការពារជំងឺឆ្លងផ្សេងៗ ទាំងផ្លូវដង្ហើម ដោយសារវិធានការការពារ ដូចការពារកូវីដអញ្ចឹង គឺយើងឃើញថា បន្ថយនូវជំងឺកុមារច្រើនណាស់ ហើយបើកាលណាដើរហើរសេរី បន្ថយការរឹតបន្តឹង យើងឃើញថាកុមារងាយឆ្លងឡើងវិញណាស់ ជំងឺកុមារក៏ចាប់ផ្តើមឡើងវិញ»។
ប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានបន្តថា បើគិតជាភាគរយសម្រាប់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យគន្ធបុប្ផា មានការថយចុះនូវជំងឺទូទៅរបស់កុមារ រហូតដល់ទៅ៣០ ដល់៤០ភាគរយ ក្នុងបរិបទកូវីដនេះ ដែលជាការថយចុះមួយគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា បានឲ្យដឹងទៀតថា បើទោះបីជាមានការថយចុះយ៉ាងនេះក្តី អាណាព្យាបាល ក៏នៅតែត្រូវបន្ត ថែរក្សាការពារកុមារ អនុវត្តវិធានការការពារអនាម័យឲ្យបានត្រឹមត្រូវ ក្នុងការពាក់ម៉ាស លាងដៃ និងប្រយ័ត្នប្រយែងសម្រាប់ចំណីកុមារ ទោះជាកូវីដ១៩ មានការថមថយ ឬរលាយបាត់ក្តី ព្រោះនៅពេលដែលវិធានការតឹងតែងឈានដល់ការបិទសាលា ជំងឺកុមារថយចុះ តែនៅពេលបន្ថយការរឹតបន្តឹង ស្រាប់តែចំនួនជំងីកុមារចាប់ផ្តើមកើនឡើងវិញដូចគ្នា។
«តាមរយៈកូវីដនេះ ប្រជាជនភ័យខ្លាចមិនសូវមានការជួបជុំគ្នា ហើយរក្សានូវការលាងដៃ ពាក់ម៉ាស ឃើញថានៅមន្ទីរពេទ្យកុមារថយចុះច្រើន ហើយបើទោះបីជាអស់មានកូវីដក៏ដោយ ក៏ត្រូវតែបន្តនូវការថែទាំ ការពារឆ្លងតាមរយៈផ្លូវដង្ហើម ក៏ដូចជាអនាម័យដៃជើងអញ្ចឹងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា។
លោកក៏បានលើកឡើងដែរថា តាមរយៈការចាត់វិធានការយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានជំងឺកូវីដ១៩តិច ក្នុងតំបន់អាស៊ាន លើពិភពលោកក្តី ហើយចំនួនអ្នកស្លាប់វិញក៏គ្មានដែរ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា ការធ្លាក់ចុះនូវជំងឺទូទៅរបស់កុមារ ដោយសារមូលហេតុចំនួនពីរ ដោយមូលហេតុទី១៖ មនុស្សម្នាក់ៗត្រូវធ្វើចត្តាឡីស័ក្តខ្លួនឯង ការពារខ្លួនឯងនៅផ្ទះ មិនការដើរចេញទៅណាមកណាច្រើន និងទី២៖ ការធ្វើអនាម័យបន្តទៀត ព្រោះនៅពេលដែលអាណាព្យាបាលធ្វើអនាម័យនាំឲ្យកូនតូច ឬកុមារនោះមិនសូវឈឺនោះទេ ស្របពេលដែលអាណាព្យាបាល មានពេលនៅផ្ទះច្រើនថែរក្សាសុខភាពកូន រឹតតែធ្វើឲ្យថយចុះខ្លាំងតែម្តង។
លោកប្រធានមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថា «ឆ្នាំ២០២០ យើងមានការផ្ទុះថ្មី នៃជំងឺកូវីដ១៩ អីចឹងនៅពេលដែលមានការផ្ទុះ កំឡុងពេលនៃការផ្ទុះ គឺថាយើងគិតពីចំនួនអ្នកជំងឺដែលមកពីមន្ទីរពេទ្យ គឺមានការថយចុះ វាអាចថាមកពីមូលហេតុចំនួន២»។
សូមបញ្ជាក់ថា សមាគមគ្រូពេទ្យកុមារកម្ពុជា តែងតែប្រារព្ធទិវាវេជ្ជសាស្ត្រកុមារយ៉ាងទៀងទាត់មួយឆ្នាំម្តង ក្នុងគោលបំណងផ្តល់នូវវេទិកាដល់អ្នកឯកទេស ផ្នែកជំងឺកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាផ្តល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឲ្យសិក្ខាកាមទាំងអស់អាចទាញយកសារសំខាន់ សម្រាប់បម្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា៕