(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមានដកស្មៀនទាំងឡាយណា ដែលមានអត្តចរិតក្រអឺតក្រទម មានឥរិយាបថមិនល្អ ឆ្មើងឆ្មៃដាក់ប្រជាពលរដ្ឋដោយចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ ដោយការដកនេះតែទៅលើមន្ត្រីណាដែលមានអត្តចរិកបែបអញនិយម គ្មាននរណាដល់អញ ដោយកែប្រែឥរិយាបថច្រឡំថាខ្លួនជាចៅហ្វាយ មកជាមន្ត្រីបម្រើប្រជាជនយ៉ាងពិតប្រាកដវិញ។
ការព្រមានបែបនេះ របស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិសសី ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ «បើខ្លួនមានឱកាសបានធ្វើជាមន្ត្រីហើយនោះ គឺត្រូវតែបម្រើពួកគាត់ កុំធ្វើឮកអឿដាក់ពួកគាត់ ធ្វើអីចឹងមិនបានទេ តែត្រូវធ្វើខ្លួនឱ្យសាកសមជាមន្ត្រីល្អរបស់គណបក្សប្រជាជនកម្ពុជា កុំធ្វើខុសដាក់ប្រជាជន ធ្វើអញ្ចឹងមិនបានទេ តែត្រូវធ្វើឱ្យខ្លួនក្លាយជាអ្នកដែលដោះស្រាយបញ្ហារបស់ប្រជាជនឱ្យបានល្អ ហើយពិសេសត្រូវដោះស្រាយឱ្យបានល្អនូវវិវាទក្រៅប្រព័ន្ធតុលាការ ដោយដោះបញ្ហាជាបន្ទាន់ កុំរុញទៅតុលាការឆាប់ៗពេក ហើយពិសេសកុំចេញលិខិតផ្ដេសផ្ដាសឱ្យប្រជាជនដែលមានឥរិយាបថមិនល្អពិសេស គឺរឿងបញ្ហាសាងសង់ផ្ទះសំបែងលើដីរបស់រដ្ឋ លើដីកម្មសិទ្ធិរបស់អ្នកដទៃ ដែលទង្វើនេះមិនអាចឱ្យកើតឡើងជាដាច់ខាត»។
លោកអភិបាលខេត្តក៏បានជំរុញមន្ត្រីមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តន៍នូវគោលនយោបាយ ៩ចំណុច របស់រាជរដ្ឋាភិបាលឱ្យបានល្អ ជាពិសេសលើបញ្ហាចោរកម្ម បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង និងបញ្ហាផ្សេងៗទៀតឱ្យមានប្រសិទ្ធភាព ឈរលើឆន្ទៈបម្រើសង្គមជាតិ ប្រើពលរដ្ឋចេញពីបេះដូងយ៉ាងពិតប្រាកដ ហើយសូមកុំពាក់ព័ន្ធនឹងបទល្មើសនានា ជាដាច់ខាតតែត្រូវបម្រើឱ្យបានល្អបំផុត សាកសមជាមន្ត្រីល្អយ៉ាងពិតប្រាកដ។
បន្ថែមពីនេះ លោក គង់ សោភ័ណ្ឌ ក៏បានក្រើនរំឮកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីដ-១៩ ថ្បិតជម្ងឺនេះកំពុងរីករាលដាលនៅបរទេសខ្លាំង ប៉ុន្តែ ដោយសារបានសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពខ្លាំង ទើបអាចទប់ស្កាត់ជម្ងឺនេះមិនឱ្យរីករាលខ្លាំង ប៉ុន្តែប្រជាជនយើងការពារខ្លួនឯងបានល្អ ព្រោះជម្ងឺនេះវាមិនដែលភ្លេចយើងទេ ហើយត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា៕