(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ និងរកឃើញពលករប្រុសស្រី៧នាក់ ដែលបាញ់បោក ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រហ្មនិមិត្ដ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលកម្លាំងកំពុងចុះល្បាតតាមព្រំដែន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយសួរនាំពលករបានសារភាពថា មានមេខ្យល់ម្នាក់បម្រុងនាំពួកគាត់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ។ បន្ទាប់មកអាវុធហត្ថបានដឹកនាំកម្លាំងចុះឃាត់ខ្លួនមេខ្យល់បានម្នាក់តែម្ដង ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង៧នាក់ ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរី ចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។
ផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត បានបញ្ជូនមេខ្យល់ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ចំណែកពលករទាំង៧នាក់ បានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត៕