(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាទោះបីកម្ពុជាមានផ្ទុះករណីសហគមន៍ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ចំនួន៣២ករណី ក៏សម្តេចមិនប្រកាសលុបចោលការចូលរួមកម្មវិធីសន្និបាតក្រសួងមហាផ្ទៃ និងសម្ពោធសណ្ឋាគារហៃយ៉ាត់នោះទេ។
ជុំវិញការប្រកាសមិនលុបចោលនូវកម្មវីធីចំនួន២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវការអនុវត្តវិធានសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារ ទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយអ្នកចូលរួមទាំងអស់ត្រូវអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំ ជាដើម។
ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចេញបទបញ្ជាដើម្បីបិទ ការជួបជុំ ការរៀបអាពាហ៍ពិពាហ៍ ការប្រជុំអីជាដើម សូម្បីតែអាទិត្យនេះ ខ្ញុំក៏មានកម្មវិធីដែលត្រូវរក្សាទុកកម្មវិធីមួយនៅក្រសួងមហាផ្ទៃ កម្មវិធីមួយទៀតសម្ពោធសណ្ឋាគារ ខ្ញុំអត់លុបចោលទេ ប៉ុន្តែវិធានការសុខាភិបាល ត្រូវតែដាក់ឱ្យអនុវត្ត គឺសន្និបាទរបស់ក្រសួងមហាផ្ទៃមួយ និងសម្ពោធសណ្ឋាគារមួយ ដែលអាមេរិក ចាប់ដៃជាមួយកម្ពុជា គឺសណ្ឋាគារហៃយ៉ាត់»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមពិនិត្យករណីរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងសហគម ដែលរកឃើញអ្នកជំងឺ៣២ករណីនៅរាជធានីភ្នំពេញ ដូច្នេះ ប្រសិនបើមានបញ្ហាណាមួយនោះ គឺក្រសួងសុខាភិបាល នឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានដឹងពីការវិវត្តន៍នៃស្ថានការជំងឺកូវីដ-១៩នេះ ដល់ចំណុចណាហើយ៕