(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សម្តេចមិនចេញបញ្ជាឱ្យបិទពិធីមង្គលការ សាលារៀន ឬពិធីជួបជុំផ្សេងៗទៀតនោះទេ ក៏ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ»។
ការប្រកាសមិនបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងៗទៀត របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ ជាលើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សម្រាប់អំពាវនាវដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ដទៃទៀត ជាពិសេសគឺនៅរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។ ៣ការពារនោះ គឺត្រូវតែពាក់ម៉ាស នៅទីធ្លាសាធារណៈទាំងអស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតសុវត្ថិភាព ១.៥០ម៉ែត្រ យ៉ាងតិច…! ខ្ញុំមិនចេញបញ្ជាដើម្បីបិទពិធីនូវការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗទេ ក្នុងករណីដែលប្រជាពលរដ្ឋអនុវត្តតាម ខ្ញុំមានលក្ខខណ្ឌគ្រប់គ្រាន់របស់ខ្ញុំ ពេលនេះខ្ញុំសូមអំពាវនាវឱ្យអនុវត្តវិធានការ ៣ការពារ និង ៣កុំ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើក្នុងករណីប្រជាពលរដ្ឋមិនអាចអនុវត្តបានតាមវិធានការ ៣ការពារ និង៣កុំនោះទេ នឹងមិនជម្រើសណាមួយដែលត្រូវរឹតបន្តឹងបន្ថែម ដូចជាការហាមឃាត់ មិនឱ្យមានការជួបជុំ រៀបអាពាហ៍ពិពាហ៍ ដូចអ្វីដែលធ្លាប់បានធ្វើក្នុងរយៈពេលមុនជាដើម។ ដូច្នេះ សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំនេះ គឺកុំទៅកន្លែងដែលមានមនុស្សកុះករ រក្សាគម្លាត និងអនាម័យតាមវិធានសុខាភិបាល ហើយសម្រាប់ការធ្វើដំណើរកម្សាន្តទៅតាមតំបន់ទេសចរណ៍នានា គឺត្រូវដំណើរការកម្សាន្តធម្មតា ក៏ប៉ុន្តែ សូមកុំភ្លេចអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
ជុំវិញករណីរកឃើញជំងឺកូវីដ-១៩ នៅកណ្តាលរាជធានីភ្នំពេញនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជននៅរាជធានីភ្នំពេញ ធ្វើការប្រុងប្រយ័ត្ន ចំពោះលទ្ធភាពនៃការចម្លងជំងឺនេះ ប្រសិនបើគ្មានការចាំបាច់សូមកុំចចេញក្រៅផ្ទះ ព្រោះមន្ត្រីជំនាញកំពុងតែសិក្សាស្វែងរកអ្នកពាក់ព័ន្ធ បើទោះបីក្លឹបកម្សាន្ត N8 ព្រមទាំងកន្លែងស្នាក់នៅមួយចំនួនដែលអ្នកមានជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរបិទក៏ដោយ។ ប៉ុន្តែ ការធ្វើចរាចរណ៍មនុស្សនៅតំបន់អ្នកមានជំងឺស្នាក់នៅមិនដឹងធ្វើដំណើរទៅកន្លែងណានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានប្រយុទ្ធប្រឆាំង និងទប់ស្កាត់បានយ៉ាងល្អ ពីការរីករាលដាលជំងឺកូវីដ-១៩ ពីប្រទេសថៃ និងវៀតណាម ប៉ុន្តែបែរជាអកុសល ផ្ទុះករណីសហគមន៍នៅរាជធានីភ្នំពេញ នៅពេលនេះទៅវិញ។ ដូច្នេះ សម្តេចតេជោ បានអំពាវនា និងសូមអង្វរឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍នូវវិធានការការពាកូវីដ១៩ ៣ការពារ និង៣កុំ៕