(ព្រះវិហារ)៖ ប្រភេទសត្វទន្សោងព្រៃ ដែលជាសត្វកម្រមួយក្បាល ត្រូវបានមន្ត្រីឧទ្យាននុរក្សប្រទះឃើញដេកងាប់នៅក្នុងព្រៃមួយកន្លែង នៅក្នុងភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារតែជាប់អន្ទាក់ព្រានព្រៃចង្រៃ។
បើតាមរបាយការណ៍របស់មន្ត្រីបិស្ថាន បានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ត្រីឧទ្យាននុរក្សប្រចាំស្នាក់ការចល័ត៩១ បានដើរល្បាតដល់ចំណុចអូតាមអែក ក៏បានជួបប្រទះនូវសត្វទន្សោងមួយក្បាលដេកងាប់ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ។
តាមរបាយការណ៍ដដែល បានបញ្ជាក់បន្ថែមថា សត្វទន្សោងព្រៃដែលងាប់នេះ គឺមានសំបុរក្រហម ទម្ងន់ប្រហែល ១តោន បានជាប់អន្ទាក់ជើងខាងស្តាំដេកងាប់ប្រហែលមួយយប់ មួយថ្ងៃមកហើយ ត្រូវបានក្រុមការងារដឹកជញ្ជូនតាមរថយន្តយកមកកប់នៅស្នាក់ការបរិស្ថានអូរកក់។
ជុំវិញករណីសត្វទន្សោងមួយក្បាលដែលងាប់ដោសារជាប់អន្ទាក់របស់ព្រានព្រៃនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្នុងនាមលោករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនក្រសួង ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មានការសោកស្តាយចំពោះការបាត់បង់សត្វទន្សោងមួយក្បាលនេះ។ សត្វទន្សោងដែលជាប្រភេទសត្វកម្រនៅលើពិភពលោក។
មន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២០ កន្លងទៅ អន្ទាក់ជិត៥ម៉ឺនអន្ទាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដោះចេញពីតំបន់ការពារនៅទូទាំងប្រទេស។ អន្ទាក់គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃកម្ពុជាជាច្រើនរាប់មិនអស់។
លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា តាមរបាយការណ៍សិក្សារបាយប្រជាជនសត្វទន្សោង នៅក្នុងប្រទេសកម្ពុជាមានចន្លោះពី២៧០០ទៅ៥៧០០ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោក ត្រូវបានគេប៉ានស្មានថាមានចន្លោះពី៥,៩០០ ទៅ១១,០០០ក្បាលតែប៉ុណ្ណោះ។ ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ក៏មានចំនួនសត្វទន្សោងប៉ុន្មានរយក្បាលប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានដឹងទៀតថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាព ដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃឱ្យបានគង់វង្ស ដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ។
ក្រោយយកសពសត្វទន្សោយនេះចេញពីព្រៃ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ មន្រ្តីបរិស្ថាន បានរៀបចំពិធីនិមត្តព្រះសង្ឃបង្សុកូលឱ្យសត្វទន្សោងមួយក្បាល ដែលបានងាប់ដោយសារជាប់អន្ទាក់។ សត្វទន្សោងនេះ ត្រូវបានយកមកបញ្ចុះនៅទីស្នាក់ការបរិស្ថានចុងភូមិអូរកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕