(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តឆ្នាំ២០២០ និងកំណត់ទិសដៅការងារ ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ លូ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ។
លោកបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសមាគមឆ្នាំ២០២០ របស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋានខេត្តកំពង់ធំ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្ត យ៉ាងត្រឹមត្រូវនូវលក្ខណៈរបសសមាគម ដែលជានីតិបុគ្គល តំណាងឲ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ធំ ព្រមទាំងជាអ្នកអភិវឌ្ឍន៍សម្ថភាព និងបង្កើតប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែក លើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប្រជាធិតេយ្យនៅមូលដ្ឋាន។
លោកបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ និងក្នុងនាមលោកផ្ទាល់ សូមជំរុញដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាព ក្នុងការបម្រើរសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ឲ្យល្អបន្ថែមទៀត ហើយត្រូវមានការសាមគ្គីភាពរវាងគ្នា និងគ្នា ដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាពយុត្តិធម៌ស្មោះត្រង់ ព្រមទាំងមានភាពម៉ឹងម៉ាត់ ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ។
លោក សុខ លូ បានសំណូមពរឲ្យសមាជិក សមាជិការ នៃអង្គប្រជុំទាំងអស់ ត្រូវតែយកបទពិសោធន៍ក្នុងកិច្ចប្រជុំនេះ ទៅដឹកនាំនៅមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញចិត្តប្រជាពលរដ្ឋឲ្យជឿលើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន នៅក្នុងការបម្រើផលប្រយោជន៍ជូនពលរដ្ឋ។
ជាមួយគ្នានេះ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានធ្វើរបាយការណ៍បូកសរុបស្តីពីគោលបំណង នៃកិច្ចប្រជុំនេះ គឺដំណើរការទៅបានដោយមានការគាំទ្រថវិកា ពីសហភាពអឺរ៉ុប (EU) ពីឆ្នាំ២០១៩-២០២១ និងថវិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ និងគាំទ្របច្ចេកទេសពីស្ថាប័នដៃគូ អនុវត្តគម្រោងនេះរួមមាន៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដ អាក់ ស្យុង (AeA)។
កិច្ចប្រជុំនេះបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗដូចជា៖ ទី១៖បង្ហាញ និងអនុម័តរបាយការណ៍វឌ្ឍនភាព នៃសមិទ្ធផលការងារសម្រេច បានក្នុងឆ្នាំ២០២០ របស់សមាគម, ទី២៖បង្ហាញ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់សមាគម, ទី៣៖បង្ហាញ ពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់សមាគម, ទី៤៖បង្ហាញ និងអនុម័តការកែសម្រួលផែនការយុទ្ធសាស្រ្ត៥ឆ្នាំ របស់សមាគម និងទី៥៖បង្ហាញអំពីភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) អំពីការងារគ្រប់គ្រងរបស់សមាគមក្នុងឆ្នាំ២០២០៕