(ភ្នំពេញ)៖ ក្រសួងអប់រំ យុជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅសាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ ក្រោយផ្ទុះ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ។

ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» ក្រសួងសូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការអនុវត្តវិធានការសុវត្ថិភាព សុខភាពសិក្សា និងវិធានការ «៣ ការពារ និង៣កុំ» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖

១៖ រឹតបន្តឹងការអនុវត្តឱ្យបានយ៉ាងម៉ឺងមាត់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងកូដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០

២៖ ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី២០នាក់

៣៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ

៤៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវបូកសរុបរបាយការណ៍ ស្តីពីចំនួនបុគ្គលិកអប់រំដែលសង្ស័យថា មានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៥៖ បុគ្គលិកអប់រំដែលមានការប៉ះពាល់ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរអប់រំ តាមឋានានុក្រម និងអនុវត្តវិធានចត្តាឡីស័ក ឱ្យបានត្រឹមត្រូវបំផុត៕