(ប៉ៃលិន)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ពីខេត្តប៉ៃលិន អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសម្តែងការសាទរ និងគាំទ្រប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការទទួលស្គាល់ជនពិការ ដើម្បីទទួលបានរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ នៃខេត្តប៉ៃលិន។
លោក ឯម ច័ន្ទមករា បានថ្លែងថា «ខ្ញុំពិតជាមានក្តីមោទនភាព ដោយបានឃើញការយកចិត្តទុកដាក់ពីសំណាក់លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជា ដែលតែងបានជំរុញ នូវការចេញលិខិតបទដ្ឋាន នានាដើម្បីធានាដល់ ការអនុវត្តការផ្តល់របបគោលនយោបាយចំពោះ ជនពិការក្រីក្រនៅតាមសហគមន៍ ពិសេសនៅខេត្តប៉ៃលិន នេះតែម្តង»។
លោកអគ្គលេខាធិការ ឯម ច័ន្ទមករា បានបន្តទៀតថា បើយោងតាមប្រកាសលេខ ២៥៨ ស.អ.យ របស់ក្រសួងសង្គមកិច្ច កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះគឺ ជនពិការក្រីក្រចំនួន២៣២នាក់នៃ ខេត្តប៉ៃលិន នឹងទទួលបានរបបគោលនយោបាយ ដូចមានចែងក្នុងអនុក្រឹត្យ លេខ១៣៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ស្តីពីររបបគោល នយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ចាប់ពីខែមករា ឆ្នាំ ២០១៦នេះតទៅ។
លោក ឯម ច័ន្ទមករា បានឲ្យដឹងថា ជនពិការក្រីក្រទាំង ២៣២នាក់នោះត្រូវ ទទួលបានរបបគោលនយោបាយតាមរយៈប័ណ្ណសង្គមកិច្ច ដែលចេញដោយ គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍សម្រាប់ខេត្តប៉ៃលិន ដែលនឹងផ្តល់អត្ថប្រយោជន៍ដូចជាការផ្តល់ការ ឧបត្ថម្ភជីវភាពរស់នៅចំនួន ២០.០០០ (ពីរម៉ឺន)រៀលក្នុងមួយខែ ក្នុងរយៈពេលកំណត់ ហើយដែលនឹងត្រូវបើកផ្តល់តាមប្រព័ន្ធធនាគារ ដែលតម្រូវឲ្យ ជនពិការបង្កើតគណនីផ្ទាល់ខ្លួននៅធនាគារ។ ក្រៅពីនេះជនពិការក្រីក្រនៅ តាមសហគមន៍ក៏នឹងទទួលបានរបបគោលនយោបាយបន្ថែមពីមូលនិធិជនពិការរួមមាន៖ សេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃពី មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ថែមទាំងប្រាប់ឧបត្ថម្ភសម្រាប់អាហារក្នុងអំឡុងពេល ទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុង១ថ្ងៃ ចំនួន៣.០០០រៀល។
បន្ថែមលើសពីនេះទៅទៀត ជនពិការជនពិការក៏នឹងទទួលបានប្រាក់ឧបត្ថម្ភសោយហ៊ុយសម្រាប់ការ ធ្វើដំណើរមកទទួលសេវាស្តារ លទ្ធភាពពលកម្មកាយសម្បទាទៅមកចំនួន ១០.០០០រៀល ព្រមទាំងប្រាក់ឧបត្ថម្ភ ៣០.០០០រៀល ក្នុង ១ឆ្នាំ សម្រាប់ការពិនិត្យ ព្យាបាល ថែទាំសុខភាពនៅតាមមណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែកផងដែរ៕