(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលមហោស្រពខេត្ត ក្រុមការងារ និងគណបក្សខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរៀនសូត្រសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពរបស់លោក ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ជាតិដែលជាប្រធាន អនុប្រធានក្រុមការងារស្រុក ក្រុង ប្រធាន អនុប្រធានគណបក្សខេត្ត ស្រុក ក្រុងទាំង៦ ឃុំ សង្កាត់ទាំង៤៧ ព្រមទាំងតំណាងយុវជន ២០នាក់ សរុបមានអ្នកចូលរួមចំនួន ៣៨៦នាក់។
បន្ទាប់ពីលោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ជាប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ បានអានសេចក្តីសង្ខេបរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ រួចមក លោក ព្រុំ សុខា បានថ្លែងមតិបូកសរុបកិច្ចប្រជុំដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗនៃការវាយតម្លៃ សន្និដ្ឋាន និងការនិទស្សប៉ាន់ស្មានការវិវដ្តប្រែប្រួលនៃសភាពការណ៍នាពេលខាងមុខ ក៏ដូចជាទិសដៅភារកិច្ចអាទិភាពសម្រាប់ឆ្នាំ២០២១។
ជារួមអង្គប្រជុំទាំងមូលបានត្រងត្រាប់រៀនសូត្រដោយយកចិត្តទុកដាក់ នូវខ្លឹមសារឯកសារដ៏សំខាន់របស់គណបក្ស ពិសេសមគ្គុទេសក៏ប្រកបដោយបញ្ញាញាណដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយសំរួចឆន្ទៈ និងការប្តេជ្ញាចិត្តមុះមុត ដើម្បីប្រែក្លាយទិសដៅភារកិច្ចនយោបាយរបស់គណបក្សឱ្យក្លាយជាសមិទ្ធផលជាក់ស្តែង រួមចំណែកកាន់តែសកម្មក្នុងបុព្វហេតុសុខសន្តិភាព អភិវឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់ប្រទេសជាតិ និងប្រជាជនតរៀងទៅ៕