(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១បានឲ្យដឹងថា ថ្មីៗនេះប្រទេសឥណ្ឌាបានរកឃើញមេរោគបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី UK Variant ចំនួន១៨៧ករណី, South Africa Variant ៤ករណី និង Brazil Variant ១ករណី ដែលមានលក្ខណៈឆ្លងលឿនជាងមុន។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ដើម្បីទប់ស្កាត់ការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញនូវគោលការណ៍ណែនាំថ្មីសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ដែលធ្វើដំណើរចូលប្រទេសឥណ្ឌា ហើយគោលការណ៍ណែនាំថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ (វេលាម៉ោង២៣:៥៩នាទី) រហូតដល់មានការជូនដំណឹងថ្មី។

សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ លើកលែងតែអ្នកដំណើរមកតាមជើងយន្តហោះមកពីចក្រភពអង់គ្លេស អឺរ៉ុប និងមជ្ឈិមបូព៌ា

១៖ ការរៀបចំផែនការមុនធ្វើដំណើរ (Planning for travel)

* អ្នកដំណើរទាំងអស់ត្រូវ (១) បំពេញបែបបទស្វ័យប្រកាស (self-declaration) តាមរយៈគេហទំព័រ www.newdelhiairportin មុនថ្ងៃធ្វើដំណើរ (២) ដាក់លទ្ធផលតេស្ត RT-PCR បញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ-១៩ ទៅក្នុងគេហទំព័រខាងលើ ក្នុងកំឡុងពេល ៧២ ម៉ោងមុនការធ្វើដំណើរ។

* បំពេញកិច្ចសន្យារួចដាក់តាមគេហទំព័រខាងលើ ឬដាក់ជូនក្រសួងអាកាសចរស៉ីវិលឥណ្ឌា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ដែលខ្លួនធ្វើដំណើរ ដែលបញ្ជាក់ថា ខ្លួននឹងអនុវត្តតាមការសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធឥណ្ឌាក្នុងការធ្វើចត្តាឡីស័កនៅផ្ទះ/តាមដានសុខភាពខ្លួនឯងរយៈពេល១៤ ថ្ងៃ។

* ការធ្វើដំណើរមកដល់ប្រទេសឥណ្ឌាដោយគ្មានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតជូនអ្នកធ្វើដំណើរក្នុងករណីមានសមាជិកគ្រួសារស្លាប់នៅប្រទេសឥណ្ឌា។

* ប្រសិនបើចង់បានការលើកលែងដូចចំណុចទី ៣ ខាងលើ អ្នកធ្វើដំណើរត្រូវស្នើសុំតាមគេហទំព័រ www.newdelhiairport.in ឱ្យបានយ៉ាងតិច ៧២ ម៉ោង មុនឡើងយន្តហោះ។

២៖ មុនឡើងយន្តហោះ (Before Boarding)

* ព័ត៌មានពាក់ព័ន្ធប្រការដែលត្រូវអនុវត្ត និងប្រការមិនត្រូវអនុវត្ត នឹងត្រូវផ្តល់ជូនជាមួយសំបុត្រយន្តហោះ ដល់អ្នកដំណើរ ដោយក្រុមហ៊ុនអាកាសចរណ៍/ភ្នាក់ងារដែលពាក់ព័ន្ធ។

* ក្រុមហ៊ុនអាកាសចរណ៍នឹងអនុញ្ញាតឲ្យឡើងយន្តហោះចំពោះតែអ្នកដំណើរណាដែលបានបំពេញបែបបទស្វ័យប្រកាស និងបានដាក់របាយការណ៍តេស្ត RT-PCR អវិជ្ជមានប៉ុណ្ណោះ។

* អ្នកដំណើរដែលគ្មានរោគសញ្ញានឹងត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះ បន្ទាប់ពីបានធ្វើការវាស់កម្តៅរួច។

៣៖ ពេលមកដល់ (On Arrival)

* ពេលចុះពីយន្តហោះត្រូវរក្សាគម្លាតពីគ្នា។

* មន្រ្តីសុខាភិបាលនឹងធ្វើការវាស់កំដៅរាល់អ្នកដំណើរមកដល់ទាំងអស់។ អ្នកដំណើរត្រូវបង្ហាញបែបបទស្វ័យប្រកាស (Self-declaration) ដែលខ្លួនបានបំពេញ ដល់មន្ត្រីសុខាភិបាលប្រចាំការនៅព្រលានយន្តហោះ។

* អ្នកដំណើរណាដែលរកឃើញមានរោគសញ្ញា ត្រូវដាក់ឲ្យនៅឆ្ងាយពីអ្នកដទៃភ្លាម ៗ រួចបញ្ជូនទៅមន្ទីរពេទ្យតាមនីតិវិធីសុខាភិបាល។

* អ្នកដំណើរទាំងអស់ដែលបានដាក់លទ្ធផលតេស្ត RT-PCR អវិជ្ជមានជំងឺកូវីដ តាមអនឡាញត្រូវបានអនុញ្ញាតឲ្យចាកចេញពីអាកាសយានដ្ឋាន ឬប្តូរជើងយន្តហោះ ហើយត្រូវឃ្លាំមើលសុខភាពខ្លួនឯងរយៈពេល ១៤ ថ្ងៃ៕