(ភ្នំពេញ)៖ សម្រាប់លទ្ធផលថៃ្ងទី៣ ដែលត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៃការប្រកួតកីឡាបាល់ទះ ពានរង្វាន់ស្រាបៀរលីអូ ដែលប្រសិទ្ធនាមថា ( Leo Cup National Volleyball 2016) ដែលប្រកួតគូទី១-សម្រាប់ពូល B ក្រុមបាល់ទះយុវជនទំពាំងស្នងឬស្សី ត្រូវជួបប្រកួតជាមួយនឹង ក្រុមបាល់ទះ វិទ្យាស្ថានអប់រំកាយ និងកីឡា, គូទី២-ពូលB ដដែលក្រុមបាល់ទះ យុវជនសង្កាត់ព្រែកឯង ត្រូវជួបប្រកួតជាមួយក្រុមបាល់ទះ យុវជនភ្នំពេញថ្មី, គូទី៣-ពូលA ក្រុមយុវជនសាមគ្គី ត្រូវជួបប្រកួតយុវជនបុរីកីឡា។
ចំពោះលទ្ធផលវិញ រវាងគូទី១- ក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឈ្នះក្រុមយុវជនទំពាំងស្នងឬស្សី ៣សិតទល់នឹង១សិត, ក្រុមទី២-ក្រុមយុវជនភ្នំពេញថ្មី ឈ្នះក្រុមយុវជនសង្កាត់ព្រែកឯង ៣សិតទល់នឹង១សិត និងក្រុមទី៣-ក្រុមយុវជនបុរីកីឡា ឈ្នះក្រុមយុវជនសាមគ្គី ៣សិតទល់នឹង០។
សម្រាប់ការប្រកួតថៃ្ងទី៤ ត្រូវនឹងថៃ្ងទី២៦ ស្អែកនេះ គឺរវាងក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ ជាមួយនឹងក្រុមសមាគមនិស្សិត ,ទី២-រវាងក្រុមយុវជនទំពាំងស្នងឬស្សី និងយុវជនភ្នំពេញថ្មី និងគូទី៣-រវាងក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាមួយយុវជនសង្កាត់ព្រែកឯង។
រីឯក្រុមដែលមានឈ្មោះប្រកួតក្នុងក្របខ័ណ្ឌ Division B មានចំនួន៨ បែងចែកជាពីរពូល Aនិង B ពូលនីមួយៗមានចំនួន ៤ក្រុម។ ពីរក្រុមដែលឈ្នះជ័យលាភីលេខ១ និងលេខ២ ក្នុងក្របខ័ណ្ឌ Division B នឹងបានឡើងទៅលេងបង្គ្រប់ចំនួន ៨ក្រុមជាមួយក្រុមចំនួន ៦ដែលកំពុងរង់ចាំក្នុងក្របខ័ណ្ឌ Division A ។
ដើម្បីឲ្យការប្រកួតនេះមានសមភាព និងតម្លាភាព ក្រុមកីឡាករអាជីពទាំង ៦ក្រុមនាឆ្នាំ២០១៥កន្លងមក មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងវគ្គជម្រុះតាមមណ្ឌល ផ្សេងៗឡើយ ក្នុងនោះមានដូចជា ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមវិសាខា ក្រុមក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមសាលាខេត្តកំពង់ចាម និងកងពលធំលេខ៣ខេត្តព្រះវិហារ ៕